ម៉ាកឡានថ្មីរបស់ BYD បង្ហាញឡូហ្គោជាផ្លូវការ នឹងមានលក់តែឡានអគ្គិសនីប្រណីត

[ទីផ្សារបរទេស] ម៉ាកសាខាថ្មីរបស់ក្រុមហ៊ុនរថយន្ត BYD ឈ្មោះថា Yangwang បានបង្ហាញចេញឡូហ្គោជាផ្លូវការ ក្នុងនាមជាម៉ាកដែលលក់រថយន្តអគ្គិសនីប្រណីត។

ជាមួយការរំពឹងថានឹងផលិតរថយន្តតម្លៃចន្លោះពី ១០ម៉ឺនដុល្លារ ទៅ ២០ម៉ឺនដុល្លារ ម៉ាក Yangwang បានប្រកាសថារថយន្តម៉ូដែលដំបូងរបស់ខ្លួនដែលជា SUV បើកបរផ្លូវ Off-Road ឈ្មោះថា R1 នឹងប្រកាសចេញនៅត្រីមាសដំបូងនៃឆ្នាំ២០២៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Yangwang R1 នេះត្រូវបាន BYD បង្ហាញចេញរូបភាពរបស់វា ក្រោយពីវិចិត្រករចិន Sugar Design បានផលិតរូបភាព Render មួយចំនួន។ រថយន្ត SUV ថ្មីនឹងមានជម្រើសអគ្គិសនីសុទ្ធ និង PHEV ដោយអាចផលិតកម្លាំងបានដល់ ៦៥០សេះ ហើយនឹងប្រើប្រព័ន្ធបើកបរប៉ុងពីរ ហើយអាចមានតម្លៃយ៉ាងតិចប្រមាណ ១១ម៉ឺនដុល្លារ លើទីផ្សារប្រទេសចិន។

បន្ថែមពីនេះ SUV នេះនឹងប្រើប្រាស់គ្រោងឆ្អឹងស៊េរីចាស់ដ៏ពេញនិយម Body-On-Frame ដែលកំពុងតែទទួលបានប្រជាប្រិយភាពក្នុងចំណោមអតិថិជនចិនរស់នៅទីក្រុងធំៗដែលចូលចិត្តធ្វើដំណើរកម្សាន្តនៅចុងសប្ដាហ៍ ដោយវានឹងមានប្រភេទកៅអីអង្គុយចំនួន ៥ និងកៅអីអង្គុយចំនួន ៧៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម