[បរទេស] បន្ទាប់ពីដាក់បញ្ចញជាផ្លូវការនៅរថយន្ត Toyota Crown Sport ខណៈពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញបន្ថែមនៅរថយន្ត Toyota Crown Estate ម៉ូដែលឆ្នាំ ២០២៥ ប្រភេទ Wagon គ្រោងនឹងចេញលក់នៅក្នុងឆ្នាំ ២០២៤ ។
រថយន្តថ្មីនេះ ផលិតឡើងនៅលើគ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្ត Highlander និង Venza គឺគ្រោងឆ្អឹង TNGA-K platform មានប្រវែងតួខ្លួនសរុប ៤ ៩៣០ ម.ម ទទឹង ១ ៨៨០ ម.ម កំពស់ ១ ៦២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ។ Toyota Crown Estate Wagon ត្រូវបានឌីស្សាញប៉ាណាមុខគ្មាណស៊ុម ជាប់សងខាងចង្កៀងមុខប្រភេទ LED រាងស្លីម ព្រមទាំងថាសក់ងស្ព័រទំហំដល់ទៅ ២១ អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។ លើសពីនេះ ក៏ទទួលបាននៅប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ជំនាន់ចុងក្រោយផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានការតុបតែងស្រដៀងគ្នាទៅនឹងម៉ូដែល Crown ប្រភេទ Crossover ដោយមានអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto និងកៅអីស្បែកប្រភេទ Softex មុខងារខ្យល់-កំដៅ ។ បន្ថែមពីនេះ ក៏បំពាក់ដំបូលកញ្ចក់ Panoramic sunroof និងអេក្រង់បង្ហាញលើកញ្ចក់ជាដើម ។
ទាក់ទងទៅផ្នែកម៉ាស៊ីនវិញ រថយន្ត ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ ប្រភេទរួមមាន៖
- ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ Turbocharged និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៣៤៩ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ប្រភេទបើកបរប៉ុង ២
- ម៉ាស៊ីនកូនកាត់ plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ ទំហំ ៤ ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣០៦ សេះ និងកម្លាំងរមួល ៣៩១ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៨,1 គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៩៣ គីឡូម៉ែត្រ ប្រភេទបើកបរប៉ុង ២ និងមានកម្រិតស៊ីប្រេងចន្លោះពី ៤-៥លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕