[ទីផ្សារបរទេស] រថយន្ត Mazda6 ជំនាន់ចុងក្រោយ ត្រូវបានអ្នកគាំទ្រទន្ទឹងរង់ចាំអស់ពេលយ៉ាងយូរ ហើយបើតាមដំណឹងថ្មីចុងក្រោយបានឲ្យដឹងថា Mazda6 រថយន្តជំនាន់ថ្មីអាចនឹងបង្ហាញខ្លួនក្នុងពេលប៉ុន្មានខែខាងមុខនេះ។
ជាមួយការប្រកាសចេញរថយន្ត Mazda CX-60 កាលពីថ្មីៗនេះដែរ អ្នកឌីហ្សាញមួយរូបដែលមានគណនីឈ្មោះថា Sugar Design បានធ្វើការស្រមើស្រមៃពីរថយន្ត Mazda6 ស៊េរីថ្មី ដោយបានខ្ចីរចនាបថរបស់រថយន្ត Mazda CX-60 ដែលទទួលបានលទ្ធផលប្លែកភ្នែកសម្រាប់រថយន្ត Mazda6។
ទាក់ទងនឹង Mazda6 ជំនាន់ថ្មី គេទទួលបានដំណឹងថាវានឹងផលិតឡើងលើគ្រោងឆ្អឹងដែលប្រើប្រព័ន្ធវិលកង់ក្រោយ ជំនួសឲ្យគ្រោងឆ្អឹងបច្ចុប្បន្នដែលប្រើប្រព័ន្ធវិលកង់មុខ។ បន្ថែមពីនេះវាក៏នឹងមានជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ូត ៦ស៊ីឡាំង ទំនងជាដូចមានប្រើលើរថយន្ត CX-60 ដែរ។
លើសពីនេះទៀត គេក៏ទទួលបានដំណឹងថា Mazda6 នឹងមានជម្រើសម៉ាស៊ីន Plug-in Hybrid (PHEV) ក្រោយពីជម្រើសម៉ាស៊ីននេះបានបង្ហាញខ្លួនជាលើកដំបូងលើរថយន្ត Mazda CX-60 រួចមក៕