ម្ដងនេះ Ford Maverick ត្របាក់ឡាន Hyundai Santa Cruz មួយទំហឹង

ចំនួនលក់នៃរថយន្ត Ford Maverick បានវ៉ាដាច់រថយន្ត Hyundai Santa Cruz ជាផ្លូវការហើយ ដោយកាលពីខែតុលារថយន្តរបស់ Ford អាចលក់ចេញបានច្រើនជាងរថយន្ត Hyundai មួយគុណនឹងពីរ ដែលជាចំនួនលក់លើទីផ្សារអាមេរិក។

កាលពីខែតុលា Ford Maverick ស៊េរីឆ្នាំ២០២២ អាចលក់ចេញរថយន្តបានសរុប ៤ ១៤០គ្រឿង ដែលវាជាខែដំបូងដែលរថយន្តនេះ​ដាក់​លក់​ជា​សាធារណៈ​គ្រប់ពេញមួយខែតែម្ដង។ ក្រឡេកទៅមើល Santa Cruz ដែលជាគូប្រជែង អាចលក់រថយន្តបានចំនួន ១ ៨៤៨គ្រឿង កាលពីខែតុលា ដែលជាខែលក់ដាច់ជាងគេសម្រាប់រថយន្តម៉ូដែលនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សរុបពេញមួយឆ្នាំ២០២១នេះ រថយន្ត Hyundai Santa Cruz លក់ចេញបានសរុប ៤ ៨៤១គ្រឿង ក្នុងអំឡុងពេលចេញលក់ប្រមាណជា៣ខែជាង ខណៈដែល Ford Maverick មានចំនួនលក់សរុប ៤ ៦៤៦គ្រឿង អំឡុងពេលចេញលក់បានជាងមួយខែប៉ុណ្ណោះ។

Ford បាននិយាយថាអតិថិជនដែលទិញរថយន្ត Maverick គឺមិនធ្លាប់ពិចារណាទិញរថយន្តភីកអាប់ពីមុនមកទេ ហើយភាគច្រើនពួកគេមាន​វ័យចន្លោះពី ១៨ ទៅ ៣៥ឆ្នាំ ដែលនេះបង្ហាញថារថយន្តភីកអាប់ខ្នាតតូចរបស់ Ford អាចទាក់ទាញអតិថិជនក្មេងៗបានយ៉ាងច្រើន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម