
ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសដាក់ពន្ធថ្មីចំនួន ២៥% លើរថយន្តទាំងអស់ដែលមិនបានផលិតនៅក្នុងសហរដ្ឋអាមេរិក។ នេះជាការបង្កើនពន្ធដ៏ធំដែលនឹងមានឥទ្ធិពលលើក្រុមហ៊ុនផលិតរថយន្តទាំងអស់ និងអ្នកប្រើប្រាស់ទូទាំងពិភពលោក ប៉ុន្តែគាត់បានអះអាងថា វានឹងជួយបង្កើនការងារឲ្យអាមេរិក និងប្រាក់ចំណូលប្រមាណ ១០០ ពាន់លានដុល្លារ ដោយជំរុញឲ្យក្រុមហ៊ុនផលិតរថយន្តមកបើករោងចក្រនៅក្នុងប្រទេសវិញ។
ចំពោះពន្ធនេះនឹងត្រូវអនុវត្តលើរថយន្តគ្រប់ប្រភេទដែលនាំចូលមកក្នុងសហរដ្ឋអាមេរិករួមមានប្រភេទ sedans, SUVs, minivans, trucks និងផ្នែកគ្រឿងបង្គុំរថយន្តសំខាន់ៗដូចជា ម៉ាស៊ីន, ប្រអប់លេខ និងម៉ូទ័រអគ្គិសនីជាដើម។
ក្នុងនោះ ដើម្បីគេចពីពន្ធថ្មីនេះ ក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងពិចារណាការវិនិយោគនៅសហរដ្ឋអាមេរិកវិញ។ ជាឧទាហរណ៍ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Hyundai បានប្រកាសវិនិយោគប្រមាណ ២១ ពាន់លានដុល្លារ ដើម្បីបើករោងចក្រថ្មីនៅអាមេរិកផងដែរ។
គួរឲដឹងថា រថយន្តដែលផលិតនៅអាមេរិកនឹងមិនជាប់ពន្ធនោះទេ ប៉ុន្តែពន្ធអាចនឹងត្រូវអនុវត្តលើរថយន្តដែលប្រើប្រាស់នូវគ្រឿងបង្គុំដែលនាំចូលពីបរទេស។ ខណៈព៌ត័មានលម្អិតអំពីការអនុវត្តពន្ធនេះនឹងត្រូវបង្ហាញនៅថ្ងៃទី ២ ខែមេសា៕