ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហើបឲ្យដឹងថា ពេលនេះមានរថយន្ត GAC មួយហើយដែលត្រូវបានដំឡើងក្នុងប្រទេសកម្ពុជា ខណៈដែលរោងចក្រនេះកំពុងស្ថិតក្នុងការសាងសង់ជិតរួចរាល់ក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមវីដេអូមួយដែលបង្ហោះនៅលើផេកក្រសួង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្តម មិនបានបញ្ជាក់ថា រថយន្ត GAC នោះជាម៉ូឌែលអ្វីឡើយ។ ចំណែក GAC Cambodia ក៏មិនទាន់ប្រកាសបញ្ជាក់នៅឡើយដែរ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺបានបញ្ចេញតម្លៃថ្មីនៃរថយន្ត GAC EMKOO ស៊េរីឆ្នាំ២០២៦ ត្រឹមតែ ២៦៥០០ដុល្លារ ដើម្បីជាការស្វាគមន៍រោងចក្រដំឡើងរថយន្តរបស់ខ្លួន។

សូមជម្រាបថា ក្រុមហ៊ុន TH Automotive Manufacturing Co.,LTD បានទទូលការអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC ដែលមានទីតាំងនៅភូមិខ្នាយកោះ ឃុំសែប ស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង គ្រោងចំណាយជាង ១៩លានដុល្លារ។

ម៉ូឌែលរថយន្តគ្រោងដំឡើងរួមមាន៖ GAC GS3, GS5, GS8, GN6 និង GN8។ រោងចក្រនេះ គ្រោងដំឡើងរថយន្តពី ១ម៉ឺន ទៅ ១ម៉ឺន ៥ពាន់គ្រឿងក្នុង១ឆ្នាំ។
បើគិតក្នុងតំបន់អាស៊ាន រោងចក្រនៅកម្ពុជានេះ គឺជារោងចក្រដំឡើងរថយន្តទី៤ របស់ GAC បន្ទាប់ពីរោងចក្រនៅក្នុងថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី៕




















