
ក្រុមហ៊ុន BYD បានបង្ហាញរថយន្ដគម្រូ SUV របស់ខ្លួននៅឯពិព័រណ៍រថយន្តក្រុងសៀងហៃឆ្នាំ ២០២៥ ទើបនឹងបញ្ចប់កាលពីពេលថ្មីៗនេះ បានធ្វើឲ្យផ្ទុះការចាបអារម្មណ៍ខ្លាំង ជាមួយរូបរាងខាងក្រៅស្រស់ស្អាតហើយ ថែមទាំងមានលក្ខណៈពិសេសដោយបំពាក់មកជាមួយទ្វារបើកបញ្ច្រាស។
រថយន្ដនេះមានប្រវែង ៥.៣ម៉ែត្រ និងកង់ទំហំ ២៣អុីញ។ BYD Dynasty D បំពាក់មកជាមួយគ្រោងឆ្អឹង e-Platform 3.0 ជំនាន់ក្រោយ និងបំពាក់មកជាមួយភ្លើង LED អូសកាត់ទទឹងរថយន្តផ្នែកខាងមុខប្រវែង ២.៤ម៉ែត្រ ខណៈចង្កៀងផ្នែកខាងក្រោយរចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង យកលំនាំតាមស្លាបហង្ស។ រថយន្ដនេះក៏បំពាក់មកជាមួយមុខងារទំនើបៗដូចជា រ៉ាដាឡាស៊ែរ (laser radar) និងប្រព័ន្ធបើកបរស្វ័យប្រវត្តិ។
ទោះបីជាក្រុមហ៊ុន BYD មិនទាន់បានបញ្ជាក់ជាផ្លូវការនូវព័ត៌មានលម្អិតបច្ចេកទេសទាំងអស់ក៏ដោយ តាមការប៉ាន់ស្មានរថយន្ដ Dynasty D អាចនឹងភ្ជាប់មកជាមួយជម្រើសម៉ាស៊ីនពីរប្រភេទ។ ជម្រើសទី១ ជាប្រភេទម៉ាសុីន Super Dual Mode Hybrid ផ្ដល់ជូនអ្នកដែលនៅតែចូលចិត្តប្រើប្រាស់ឡានសាំង។ ជម្រើសប្រើប្រាស់អគ្គិសនីសុទ្ធជាមួយនឹងរយៈចម្ងាយបើកបរប្រហែលជាលើសពី ៨០០ គីឡូម៉ែត្រ (ទិន្នន័យផ្លូវការនៅមិនទាន់ចេញ)។
ជម្រើសម៉ាសុីនទាំងពីរនេះនឹងផ្តល់នូវមកជាមួយសមត្ថភាពដ៏ខ្លាំងក្លា (brutal performance) រួមជាមួយការសាកថ្មលឿនបំផុត (ultra-fast charging) និងប្រព័ន្ធជំនួយអ្នកបើកបរទំនើបៗគ្រប់ប្រភេទ។ ផ្នែកខាងក្នុងរថយន្ដនេះអាចនិងបំពាក់មកជាមួយអេក្រង់ចំនួនប្រាំបី រួមបញ្ចូលជាមួយការរចនាបែប (Forbidden City)។ យ៉ាងណាមិញព័ត៌មានលម្អិតទាក់ទងជាមួយនិងរថយន្ដ BYD Dynasty D ក៏មិនទាន់បានបង្ហាញជាផ្លូវការនៅឡើយទេ៕