
ក្រុមហ៊ុន Changan បានប្រកាសដាក់បង្ហាញរថយន្តប្រភេទ (Sedan) ម៉ូឌែល Nevo A06 ជាផ្លូវការ។ រថយន្ដនេះមានទាំងជម្រើសប្រើអគ្គិសីនសុទ្ធ (BEV) និងប្រើសាំងលាយអគ្គិសនី (EREV)។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺរថយន្ត Nevo A06 នេះបំពាក់មកជាមួយអាគុយ 6C ដែលក្រុមហ៊ុនបានអះអាងថា អាចសាកបានលឿនបំផុតក្នុងល្បឿន មួយគីឡូម៉ែត្រ ក្នុងមួយវិនាទី។តាមរំពឹងទុករថយន្តនេះអាចនឹងចេញលក់ជាផ្លូវការលើទីផ្សារក្នុងប្រទេសចិននៅចុងឆ្នាំនេះ។
រថយន្ត Nevo A06 ត្រូវបានផលិតឡើងដោយផ្អែកគ្រោងឆ្អឹង SDA (Super DNA) របស់ក្រុមហ៊ុន Changan។ សម្រាប់រូបរាងខាងក្រៅរថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៨៨៥មម ទទឹង ១ ៩១៦មម កម្ពស់ ១ ៤៩៦មម ប្រវែងគម្លាត ២ ៩២២មម និងមានគុណកកិតជាមួយខ្យល់ ០.២១៧ Cd។ Nevo A06 បានបំពាក់មកជាមួយបូមអាលុយមីញ៉ូមប្រភេទ double wishbone នៅខាងមុខ និងប្រភេទ five-link នៅខាងក្រោយ។
ចំណុចពិសេសរបស់ Nevo A06 គឺវាមានបំពាក់ដោយឧបករណ៍ចាប់សញ្ញា LiDAR មួយនៅលើដំបូល ហើយបន្ថែមជាមួយរ៉ាដា millimeter-wave ចំនួន៣ ឧបករណ៍ចាប់សញ្ញា ultrasonic ១២ និងកាមេរ៉ា ១១ ដើម្បីគាំទ្រប្រព័ន្ធជំនួយការបើកបរទំនើបកម្រិត ២។ គួរបញ្ជាក់ផងដែរថា ផ្នែកខាងមុខមានអំពូលហ្វាវែងទំហំ ២២៥៨ ម.ម មានអំពូល LED សរុបចំនួន ២៣៦គ្រាប់ ដើម្បីបង្កើតបានជារូបរាងដូច “មុខញញឹម”។
សម្រាប់ម៉ូឌែលប្រើអគ្គិសនីសុទ្ធ (BEV) ផ្ដល់ជូនជាមួយជម្រើស២ម៉ូឌែល។ ម៉ូឌែលខ្ពស់បំផុតអាចផលិតកម្លាំងអតិបរមា ២១០ kW (២៨២ hp) ខណៈម៉ូឌែលមូលដ្ឋានអាចផលិតកម្លាំងបាន ១២០ kW (១៦១ hp)។ រថយន្តនេះបានបំពាក់មកជាមួយអាគុយលីចូមផូស្វាតផ្ដល់ជូនជាមួយជម្រើសទំហំអាគុយ៣ផ្សេងគ្នាក្នុងនោះរួមមានទំហំ ៤២.១២ kWh, ៥១.៤៨ kWh, និង ៦៣.១៨ kWh អាចបើកបរបានចម្ងាយ ៤២០ គ.ម, ៥១០ គ.ម, និង ៦៣០ គ.ម គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។ សម្រាប់ម៉ូឌែលខ្ពស់បំផុតអាចបង្កើនល្បឿនពី ០ ដល់ ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយៈពេល ៦ វិនាទី និងភ្ជាប់មកជាមួយនូវប្រព័ន្ធ 800V high-voltage SiC។
ចំពោះម៉ូឌែល EREV ដំណើរការដោយម៉ាស៊ីនសាំងធម្មតា ១.៥ លីត្រ អាចកម្លាំងអតិបរមា ៧២ kW (៩៧ hp) ជាម៉ាស៊ីនពង្រីករយៈចម្ងាយបើកបរ (range-extender) ផ្គូផ្គងជាមួយម៉ូទ័រកម្លាំង ១២០ kW និងអាគុយទំហំ ២៨.៣៩ kWh។ វាអាចធ្វើដំណើរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ១៨០ គីឡូម៉ែត្រគិតតាមស្ដង់ដារវាស់ចម្ងាយ WLTC។ សម្រាប់សាកថ្មលឿន 6C វាមានសមត្ថភាពអាចសាកថ្មពី ៣០% ទៅ ៨០% ប្រើពេលត្រឹមតែ ៩នាទី និងសាកពី ១០% ទៅ ៨០% ប្រើពេល ១២ នាទី៕