រូបភាពដំបូងនៃរថយន្ត Hyundai Custo ប្រភេទ MVP ប្រណិតថ្មីរបស់ Hyundai ត្រូវបានបែកធ្លាយកាលពីខែ សីហា ឆ្នាំមុន ដែលវាជារថយន្តប្រភេទ ៦ និង ៧កៅអី ដែលបានសហការណ៍ផលិតរវាងក្រុមហ៊ុន Beijing-Hyundai និង BAIC Motor សម្រាប់លក់តែនៅក្នុងប្រទេសចិនតែប៉ុណ្ណោះ។
សម្រាប់រូបរាងរបស់វា គឺខុសប្លែកពីម៉ូដែលដែលលក់នៅលើទីផ្សារប្រទេសផ្សេងៗ ហើយអីដែលកត់សំគាល់បំផុតនោះគឺប៉ាណាខាងមុខ គឺស្រដៀងទៅនិងរថយន្ត Tucson ២០២២ និងចង្កៀងខាងមុខ មានរូបរាងស្លីម និងរចនាប្លែកផងដែរ។
រថយន្តនោះមានប្រវែងសរុប ៤ ៩៥០មីលីម៉ែត្រ, ទទឹង ១ ៨៥០មីលីម៉ែត្រ, កម្ពស់ ១ ៧៣៤មីលីម៉ែត្រ និងប្រវែងពីកង់មុខ ដល់កង់ក្រោយ ៣ ០៥៥មីលីម៉ែត្រ។
យោងតាមគេហទំព័រ Car News China បានបញ្ជាក់ថា Hyundai Custo នេះនឹងមាន ២ជម្រើសម៉ាស៊ីន។ ជម្រើសទីមួយ ចំណុះ ១,៦លីត្រ Turbocharged កម្លាំង ១៧០សេះ និងជម្រើសទីពីរ ចំណុះ ២,០លីត្រ Turbocharged កម្លាំង ២៣៦សេះ។
តាមការគ្រោងទុក Hyundai Custo នឹងបង្ហាញខ្លួនជាផ្លូវការលើកដំបូង នៅក្នុងពិព័រណ៍រថយន្ត Shanghai Auto Show។ អំពីតម្លៃ និងលក្ខណៈពិសេសនៃរថយន្ត នឹងប្រកាសក្នុងពេលតែមួយក្នុងកម្មវិធីពិព័រណ៍រថយន្ត Shanghai Auto Show ដែលធ្វើឡើងចាប់ពីថ្ងៃទី ២១ ដល់ ២៨ ខែ៤នេះ៕