[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor បានធ្វើការប្រកាសដាក់បង្ហាញទិន្នន័យនៃការលក់សរុបទៅលើរថយន្តភីកអាប់ Great Wall Cannon series របស់ខ្លួនក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ដោយរថយន្តភីកអាប់ Cannon series នេះលក់បានរហូតដល់ទៅ ៦០ មុឺនគ្រឿងឯណ្ណោះ។
គួរបញ្ជាក់ផងដែរថា GWM បានវិនិយោគប្រាក់សរុបចំនួនប្រមាណ ៨២៥ លានដុល្លារ ទៅក្នុងរោងចក្រ Jingmen Smart Factory របស់ខ្លួនដើម្បីផលិតរថយន្តភីកអាប់នេះក៏ដូចជារថយន្តជាច្រើនទៀតរួមមាន Tank 400, Tank 500 និង Haval H5 ជាដើម។ អ្វីដែលពិសេសនោះគឺក្រុមហ៊ុន GWM ជាក្រុមហ៊ុនរបស់ប្រទេសចិនទី ១ ដែលអាចលក់រថយន្តភីកអាប់របស់ខ្លួនបានរហូតដល់ទៅ ២,៦ លានគ្រឿង ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះនៅលើទីផ្សារសកល។
សម្រាប់រថយន្តភីកអាប់ Great Wall Cannon series ត្រូវបានបង្ហាញខ្លួនដំបូងនៅក្នុងពិព័រណ៍រថយន្តទីក្រុងសៀងហៃកាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៩ ។ រថយន្តនេះផ្តល់នូវជម្រើសជាច្រើនម៉ូឌែលរួមមាន Great Wall Cannon, King Kong Cannon និង Shanhai Cannon ហើយវាត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង Tank platform ដំណើរការដោយម៉ាសុីនសុាំង ៣,០ លីត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ និងមានតម្លៃលក់លើទីផ្សារសកលខ្ទង់ ៣៨ ៥០០ ដុល្លារ។