កាលពីពេលថ្មីៗកន្លងទៅនេះ ហាងលក់រថយន្តដំបូងរបស់ម៉ាករថយន្តរុស្ស៊ី Aurus បានបើកសម្ពោធជាផ្លូវការ ដំណាលគ្នានឹងការចាប់ផ្ដើមលក់រថយន្តប្រណីតរបស់ខ្លួនលើទីផ្សារផងដែរ។
Aurus គឺម៉ាករថយន្តដែលលោកពូទីន ប្រធានាធិបតីរុស្ស៊ីប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ដោយវាបានបង្ហាញមុខលើកដំបូងកាលពីពាក់កណ្ដាលឆ្នាំ ២០១៨ ក្នុងថ្ងៃឡើងកាន់តំណែងរបស់លោក ពូទីន។ រថយន្តនេះត្រូវបានគេឲ្យឈ្មោះថា “រថយន្តពូទីន”។
រថយន្តដែលក្រុមហ៊ុន Aurus បានដាក់តាំងបង្ហាញនៅហាងលក់ទីមួយរបស់ខ្លួន គឺជាម៉ូដែល Senat Sedan ដែលវាមានតម្លៃចាប់ផ្ដើមពី ២៧៤ ០០០ ដុល្លារ។ Senat Sedan មានរូបរាងដូចគ្នានឹងរថយន្តរបស់លោកពូទីន ប៉ុន្តែវាមានប្រវែងខ្លីជាង និងមិនមានសមត្ថភាពការពារគ្រាប់នោះទេ។
ក្រុមហ៊ុន Aurus នឹងបន្តបញ្ចេញលក់រថយន្តច្រើនប្រភេទទៀត ដោយនៅចន្លោះឆ្នាំ ២០២៤ ទៅ ២០២៥ ខាងមុខគេរំពឹងថានឹងមានវត្តមានរថយន្តអគ្គិសនី Hybrid ដំបូងរបស់ក្រុមហ៊ុនរុស្ស៊ីនេះ៕