[ទីផ្សារសកល] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត BYD Seal 06GT ជាប្រភេទរថយន្ត SUV ប្រើប្រាស់អគ្គិសនីសុទ្ធ ហើយគ្រោងចេញលក់ជាផ្លូវការនៅឆ្នាំ២០២៥ ជាមួយតម្លៃលក់ចន្លោះពី ២០ ៦០០ ដល់ ២៧ ៥០០ ដុល្លារ នៅទីផ្សារសកល។
រថយន្តនេះត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Evo 3.0 មានប្រវែងតួខ្លួនសរុប ៤ ៦៣០ ម.ម ទទឹង ១ ៨៨០ ម.ម កំពស់ ១ ៤៩០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ដោយទទួលបានការឌីស្សាញប៉ាណាមុខបិទជិតអបដោយចង្កៀងមុខ-ក្រោយ LED និងកាងរន្ធខ្យល់រាងអក្សរ L ព្រមទាំងថាសកង់ស្ព័រនិងប្រើដៃទ្វារលាក់ជិតជាដើម ។
BYD Seal 06GT នឹងទទួលបានម៉ាសុីនដំណើរការអគ្គិសនី ២ ជម្រើសរួមមាន៖
- ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ១៦៥ គីឡូវ៉ាត់ ភ្ជាប់ដោយប្រភេទបើកបរប៉ុង ១ RWD ជាស្តង់ដារ
- ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី ២ អាចផលិតកម្លាំងបាន ៣១០ គីឡូវ៉ាត់ ភ្ជាប់ដោយប្រភេទបើកបរប៉ុង ២ AWD ជាស្តង់ដារ
ជម្រើសម៉ាសុីនទាំង២ នេះនឹងប្រើប្រាស់អាគុយទំហំ ៥៩ គីឡូវ៉ាត់ម៉ោង និង ៧៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយពី ៥០៥ គីឡូម៉ែត្រ ទៅ ៦០៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។