រថយន្ត ១ម៉ូឌែលរបស់ Changan អនុញ្ញាតឲ្យប្រើប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត៣ ជាលើកដំបូងក្នុងប្រទេសចិន

បច្ចេកវិទ្យារថយន្ត​នៅក្នុងប្រទេសចិន ឈានឡើងបន្ថែមទៀតហើយ ដោយអាជ្ញាធរចិន បាន​ចេញ​អាជ្ញាបណ្ណជាលើកដំបូង អនុញ្ញាតឲ្យរថយន្ត Deepal SL03 របស់​ Changan និង Arcfox S. របស់ BAIC ប្រើប្រាស់​ប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត៣ Level 3។

ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធបើកបរស្វ័យប្រវត្តិនេះ មិនទាន់ត្រូវបានឲ្យប្រើទូលំទូលាយនៅទូទាំងប្រទេសនៅឡើយទេ ពោលគឺត្រូវបានកំណត់​នៅលើផ្លូវជាក់លាក់​ស្ថិតក្នុងក្រុងឆុងឈីង ជាមួយល្បឿន​ត្រឹម ៥០គ.ម/ម៉ និងនៅក្រុងប៉េកាំង ល្បឿនត្រឹម ៨០គ.ម/ម៉។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការកំណត់ផ្លូវជាក់លាក់សម្រាប់ប្រព័ន្ធ Level 3 នេះ គឺដើម្បីអាចឲ្យអាជ្ញាធរត្រួតពិនិត្យ តាមដាន​ពីប្រសិទ្ធភាពថាតើបច្ចេកវិទ្យានេះ ផ្តល់សុវត្ថិភាពកម្រិតណា​ នៅពេល​ប្រតិបត្តិការជាក់ស្តែង។

គួរដឹងថា កម្រិតនៃប្រព័ន្ធបើកបរស្វ័យប្រវត្តិ ដែលកំណត់ដោយអង្គការ SAE បច្ចុប្បន្នគឺមាន ៥កម្រិត។ ក្នុងនោះ សម្រាប់កម្រិតទី៣ គឺរថយន្តអាចបើកបរដោយខ្លួនវាបាននៅក្នុងស្ថានភាពជាក់ស្តែង ហើយអ្នកបើកបរអាចសម្រាកបាន។ ហើយសម្រាប់កម្រិតទី៥ គឺពេញលេញតែម្តង ដោយរថយន្តអាចបើកបរខ្លួនវានៅគ្រប់ទីតាំង និងស្ថានភាពទាំងអស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម