ប្រភេទរថយន្តតួខ្ពស់ដែលគេនិយាយហៅថា SUV នោះ គឺជារថយន្តមួយប្រភេទដែលកំពុងត្រូវប៉ាន់ខ្លាំង អាចជួយរកចំណូលបានក្រាស់ក្រែលជូនដល់ក្រុមហ៊ុនផលិតរថយន្តនីមួយៗ។ ក្រុមហ៊ុនដូចជា Lamborghini និង Rolls-Royce ដែលធ្លាប់មិនអើពើផលិតរថយន្តនេះ នាពេលនេះកំពុងជួបបញ្ហាលើការផ្គត់ផ្គង់រថយន្ត SUV តម្លៃថ្លៃរបស់ពួកគេដល់អតិថិជន។ ក្រុមហ៊ុន Ferrari និង Aston Martin ក៏ងាកមកផលិតរថយន្តប្រភេទនេះដែរ។
ប៉ុន្តែក្រុមហ៊ុនមួយ នៅរក្សាគោលជំហរមិនផលិតរថយន្ត SUV ដដែល នោះគឺ McLaren។ ក្រុមហ៊ុនផលិតរថយន្តស្ព័ររបស់អង់គ្លេសមួយនេះ នឹងមិនផលិតរថយន្ត SUV នោះទេ មិនថាអតិថិជនអង្វរកយ៉ាងណា។
លោក Darren Goddard នាយកជាន់ខ្ពស់មួយរូបប្រចាំក្រុមហ៊ុន McLaren បាននិយាយថារថយន្ត SUV គឺអត់ឡូយសោះហ្មង។ លោកបានលើកឡើងថា ៖ “មិនមានអ្វីឡូយនោះទេអំពីរថយន្ត SUV។ ពួកគេ (ក្រុមហ៊ុនដទៃ) គ្រាន់តែចង់បានចំនួនលក់។ វាមិនបរិសុទ្ធចេញពីចិត្តនោះទេ។ បើគិតអំពីអំពីផលិតផលផលិតច្រើន និងផលិតផលផ្ដាច់មុខ គឺវារាងខុសគ្នាច្រើន”។
បើនិយាយអំពីចំនួនលក់ McLaren គឺឃើញថាមានការកើនឡើងចំនួនលក់ ៤៣,៩% នៅឆ្នាំ ២០១៨ ដែលអាចលក់រថយន្តបានសរុប ៤ ៨០៦ គ្រឿង។ ចំនួននេះគឺប្រសើរជាង Rolls-Royce ដែលនៅឆ្នាំឡើងខ្ពស់បំផុត ក្រុមហ៊ុននេះលក់រថយន្តបាន ៤ ១០៧ គ្រឿង៕