[ទីផ្សារបរទេស] រោងចក្រ Tesla នៅប្រទេសចិន កំពុងតែមានទំហំផលិតកើនឡើងខ្លាំង ក្រោយពីទទួលបានការផ្លាស់ប្ដូរធំមួយលើចង្វាក់ផលិតកម្មដំឡើងរថយន្ត។
ត្បិតថា Tesla មិនទាន់មានការប្រកាសផ្លូវការ ប៉ុន្តែគេបានដឹងថារោងចក្ររបស់ Tesla នៅទីក្រុងសៀងហៃ ពេលនេះអាចផលិតរថយន្ត Model 3 និង Model Y បានរហូតដល់ ២២ ០០០គ្រឿង ក្នុងមួយសប្ដាហ៍។ នេះបើតាមការចុះផ្សាយរបស់ Reuters។
រោងចក្រនៅទីក្រុងសៀងហៃនេះ មានផលិតរថយន្ត Model 3 និង Model Y សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី និងសម្រាប់ទីផ្សារដទៃទៀតដែលបើកបររថយន្តចង្កូតខាងស្ដាំ។
កាលពីខែមិថុនា ពេលដែលរថយន្ត Model ប្រកាសចេញលក់ជាផ្លូវការនៅអូស្ត្រាលី, ណូវែលហ្សឺឡង់ និងជប៉ុន វាទទួលបានការបញ្ជាទិញរហូតដល់ ២៥០០០គ្រឿង នៅថ្ងៃដំបូង ដែលធ្វើឲ្យលោក Elon Musk ភ្ញាក់ផ្អើលខ្លាំងនឹងតម្រូវការខ្ពស់នេះ ហើយលោកបានប្រាប់ថា Tesla កំពុងព្យាយាមពន្លឿនលើការផលិតរថយន្ត Model Y។
ផ្អែកតាមអត្ថបទរបស់ Beijing Daily ចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ហាញថា Tesla គ្រោងបណ្ដាក់ទុន ១៧០លានដុល្លារ លើការដុសខាត់រោងចក្រនៅសៀងហៃ ដើម្បីពង្រីកទំហំផលិត៕