[ទីផ្សារបរទេស] កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Jetour Motors បានធ្វើការដាក់បង្ហាញចេញជាផ្លូវការសម្រាប់ Jetour X-1 ព្រមទាំងបើកសម្រាប់ការកក់ជាមុនក្នុងតម្លៃកក់ត្រឹមតែ ១,៤៥ ដុល្លារ (៥,៥យ៉េន) ឬតម្លៃចាប់ពី ១៤៩ ដុល្លារ ដល់ ២៩៨ ដុល្លារ សម្រាប់ជម្រើសផ្សេងទៀត។
សម្រាប់រថយន្តនេះ ប្រើប្រាស់ជាមួយគ្រោងឆ្អឹង Kunlun Architecture platform។ បន្ថែមពីនេះ រថយន្ត Jetour X-1 ត្រូវបានបំពាក់ដោយប្រព័ន្ធបើកបរស្វ័យប្រវតិ្តរបស់ Huawei L3។ វាជារថយន្ត Jetour ដំបូងដែលត្រូវបានបង្កើតឡើងក្រោមស្ថាបត្យកម្មនេះ Smart Cockpit 3.0 និងការគាំទ្រ Healthy Cockpit 4.0 និង L5 នាពេលអនាគតផងដែរ។
ដោយមានរចនាក្រោមគំនិតរបស់ “Huicheng Leader” មានលក្ខណៈប្រណិត និងបែបស្ព័រ មានភាពទាក់ទាញជាមួយប៉ាណាមុខឲ្យឈ្មោះថា Transformers ចង្កៀងមុខប្រភេទ LED រាងស្លីម កាងខាងមុខពណ៌ខ្មៅ កញ្ចក់ចំហៀងពីរពណ៌ ចង្កៀងក្រោយ LED រាងអក្សរ Y ផ្ដេក កាងខាងក្រោយពណ៌ខ្មៅធំនិងថាសកង់ស្ព័រទំហំ ២០ អ៊ីញ។
រីឯនៅផ្នែកខាងក្នុងកាប៊ីនសង្កត់ធ្ងន់លើការរចនាដ៏ប្រណិតនិងផាសុកភាព ដោយបានបំពាក់ជាមួយអេក្រង់កំសាន្ត touchscreen ដ៏ធំទំហំរហូតដល់ ១៥,៦ អ៊ីញ កុងទ័រប្រភេទ LCD ទំហំ ១២,៨ អ៊ីញជាមួយនឹងអេក្រង់បង្ហាញ់លើកញ្ចក់ប្រភេទ HUD។ លើសពីនេះ វាក៏បានភ្ជាប់មកជាមួយនៅផ្ទៃខាងក្នុងពីរពណ៌សម្រាប់ជ្រើសរើស រួមមាន ខ្មៅ-ក្រហម និងស-ប្រផេះ និងមានភ្លើងលម្អខាងក្នុងប្រើប្រាស់បានដល់ ២៥៦ ពណ៌នៃពន្លឺព័ទ្ធជុំវិញ និងដៃចង្កូតមុខងារកម្តៅជាដើម។
រថយន្តនេះមានជម្រើសម៉ាស៊ីន២ប្រភេទ រួមមានម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ផលិតកម្លាំងបាន ១៩៧ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រភ្ជាប់ជាមួយប្រអប់លេខដៃ ៦វគ្គ ឬប្រអប់លេខអូតូ ៧វគ្គ។ ខណៈ ម៉ាស៊ីនប្រភេទ Plug-in hybrid ចំណុះ ១,៥ លីត្រ ផលិតកម្លាំងបាន ៣២៦ សេះ និងកម្លាំងរមួល ៥៦៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរដែលអាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រ ៕