[ទីផ្សារបរទេស] ផ្អែកតាមទិន្នន័យនៃការចុះបញ្ជីរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក ប្រចាំត្រីមាសទីមួយ បានបង្ហាញថាក្រុមហ៊ុន Kia និង Hyundai ស្ថិតនៅលំដាប់លេខរៀងមួយ នៅពីក្រោយតែក្រុមហ៊ុន Tesla ប៉ុណ្ណោះ។
Tesla នៅចំណាត់ថ្នាក់លេខមួយ ខណៈដែល Kia នៅចំណាត់ថ្នាក់លេខពីរជាមួយតួលេខចុះបញ្ជីចំនួន ៨ ៤៥០គ្រឿង ហើយ Hyundai ស្ថិតនៅលេខបី ជាមួយតួលេខ ៦ ៩៦៤គ្រឿង។ ជោគជ័យរបស់ Kia និង Hyundai ច្បាស់ណាស់គឺកើតមានដោយសាររថយន្ត EV6 និងរថយន្ត Ioniq 5។
ប្រៀបធៀបទៅនឹងគូប្រជែងធំៗ ចំនួនលក់របស់ Hyundai Motor Group (រាប់ទាំង Kia និង Genesis) គឺមានច្រើនជាងចំនួនលក់រថយន្តអគ្គិសនីរបស់ Toyota, Nissan និង Honda បូកបញ្ចូលគ្នាទៅទៀត។ ជាមួយការបង្ហាញចេញរថយន្ត Kia EV9 និង GV60 នាពេលឆាប់ៗខាងមុខ គេរំពឹងថាគម្លាតនឹងមានកាន់តែធំ។
យ៉ាងណា គេនៅមិនទាន់អាចនិយាយថា Hyundai Motor Group នឹងបន្តគ្រប់គ្រងតំណែងលេខពីរបន្ទាប់ពី Tesla ឬយ៉ាងណានោះទេ ព្រោះថារថយន្តអគ្គិសនីពីក្រុមហ៊ុនធំៗដូចជា Ford នឹងបន្តចេញលក់ជាបន្តបន្ទាប់៕