កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Mahindra & Mahindra Ltd របស់ប្រទេសឥណ្ឌា បានប្រកាសថា ខ្លួនគ្រោងនឹងវិនិយោគប្រាក់ប្រមាណ ១,៤ពាន់លានដុល្លារក្នុងអាជីវកម្មរថយន្តអគ្គិសនីរបស់ខ្លួនដែលគ្រោងនឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ នេះបើយោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Mahindra & Mahindra លោក Anish Shah ។
ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Tata Motors ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងទីផ្សាររថយន្តអគ្គិសនីរបស់ឥណ្ឌាស្ទើរតែទាំងស្រុង។
លើសពីនេះទៅទៀតការវិនិយោគរបស់ Mahindra គឺដើម្បីពង្រីកខ្សែសង្វាក់ផលិតកម្មរថយន្តអគ្គិសនីរបស់ខ្លួន នៅពេលដែលតម្រូវការរថយន្តអគ្គិសនីមានការកើនឡើង ហើយក្រុមហ៊ុននេះទៀតសោកក៏គ្រោងនឹងដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួនជាច្រើនម៉ូឌែលនៅក្នុងពេលឆាប់ៗនេះផងដែរ។
ចំពោះការវិនិយោគទឹកប្រាក់ចំនួន ១,៤ពាន់លានដុល្លារនេះ នឹងមិនត្រូវបានប្រើត្រឹមតែដើម្បីអភិវឌ្ឍយានជំនិះថ្មីប៉ុណ្ណោះនោះទេ វាថែមទាំងសម្រាប់បង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មី ដូចជារោងចក្រផលិតអាគុយ និងស្ថានីយ៍សាកថ្ម ជាដើមដើម្បីគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ី EV ដែលកំពុងរីកចម្រើននៅក្នុងប្រទេសឥណ្ឌាផងដែរ៕