ក្រុមហ៊ុនរថយន្តវៀតណាម VinFast បានបង្ហាញចេញរថយន្តអគ្គិសនីថ្មីចំនួនបីម៉ូដែល និងបានប្រកាសអំពីផែនការចង់ក្លាយខ្លួនទៅជាក្រុមហ៊ុនរថយន្តលំដាប់សកលលោកផងដែរ។
ចាប់ផ្ដើមដំបូងជាមួយរថយន្ត VF31 ត្បិតថាមានរូបរាងមិនសូវស្អាត ប៉ុន្តែវាមានប្រើប្រាស់រចនាបថរូបរាងដ៏ប្លែក ដែលចេញលក់នៅទីផ្សារក្នុងស្រុកក្នុងខែវិច្ឆិកាខាងមុខ។ រថយន្តនេះមានប្រវែង ៤៣០០ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយ ២៦១១ម.ម។
នៅផ្នែកខាងក្នុងមានបំពាក់នូវកៅអីកំដៅ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលមានតម្រងខ្យល់ HEPA, អេក្រង់កម្សាន្តទំហំ ១២,៨អ៊ីញ និងមានជំនួយការបើកបរដែលមានមុខងារដូចជា Lane Departure Warning, Blind Spot Warning, Rear Cross-Traffic Alert និងកាមេរ៉ាដែលអាចមើលឃើញជុំវិញ។
ចំពោះសមត្ថភាពវិញ វាមានដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនមួយដែលអាចបង្កើតកម្លាំងបាន ១១៤សេះ។ វាក៏មានជម្រើសមួយទៀតឈ្មោះថា Premium ដែលអាចបង្កើតកម្លាំងបាន ២០១សេះ។ រថយន្តទាំងពីរប្រភេទប្រើប្រាស់អាគុយចំណុះ ៤២គីឡូវ៉ាត់ម៉ោង ដែលអាចជិះបានចម្ងាយដល់ ៣០០គីឡូម៉ែត្រ។
VF32
រថយន្ត VF32 នឹងចេញលក់នៅទីផ្សារក្នុងស្រុកនាខែកុម្ភៈ ឆ្នាំ២០២២ ហើយអាចនឹងមានវត្តមានលើទីផ្សារអឺរ៉ុប អាមេរិក និងកាណាដា និងខែមិថុនា ឆ្នាំ ២០២២។ ក្រុមហ៊ុនមិនបាននិយាយអ្វីច្រើនអំពីរថយន្តនេះទេ ប៉ុន្តែតាមរូបភាពគេឃើញមានការរចនាបថដោយក្រូម៉េ មានអំពូលភ្លើង LED រាងស្ដើង ហើយវាមានប្រវែងសរុប ៤៧៥០ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយ ២៩៥០ម.ម។
រថយន្តនេះនឹងមានបំពាក់ម៉ូទ័រអគ្គិសនីមួយដែលបង្កើតកម្លាំបាន ២០១សេះ ហើយសម្រាប់ប្រភេទ Premium អាចផលិតកម្លាំងបាន ៤០២សេះ តាមរយៈម៉ូទ័រអគ្គិសនីភ្លោះ។ រថយន្តទាំងពីរប្រភេទនឹងមានអាគុយចំណុះ ៩០គីឡូវ៉ាត់ម៉ោង ប៉ុន្តែមិនមានព័ត៌មានថាជិះបានចម្ងាយឆ្ងាយប៉ុណ្ណានោះទេ។
VF33
រថយន្ត VF33 នឹងចេញលក់ពេលដំណាលគ្នាជាមួយនឹងរថយន្ត VF32 ដែលវាមានបំពាក់នូវអំពូលភ្លើង LED រាងស្ដើង, មានដំបូលកញ្ចក់, មានអេក្រង់កម្សាន្តទំហំ ១៥,៤អ៊ីញ, មានប្រវែង ៥១២០ម.ម និងមានប្រវែងកង់មុខទៅកង់ក្រោយ ៣១៥០ម.ម ផងដែរ។
រថយន្ត VF33 នេះនឹងប្រើម៉ូទ័រអគ្គិសនីភ្លោះដែលផលិតកម្លាំងបាន ៤០២សេះ ហើយវាមានអាគុយចំណុះ ១០៦គីឡូវ៉ាត់ម៉ោង ដែលអាចជិះបានចម្ងាយដល់ទៅ ៥៥០គីឡូម៉ែត្រ ពេលសាកភ្លើងម្ដងៗ។ រថយន្តនេះជាមួយនឹង VF32 ក៏មានបំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ Level 2 និង Level 3 ផងដែរ ហើយចំពោះប្រភេទ Full Option លើរថយន្តទាំងបីម៉ូដែល (VF31, VF32 និង VF33) និងមានប្រព័ន្ធបើកបរ Level 4។
យ៉ាងណាក្ដី ក្រុមហ៊ុន VinFast នៅមិនទាន់ប្រាប់អំពីតម្លៃលក់របស់រថយន្តទាំងបីនៅឡើយទេ ដែលអាចនឹងដឹងក្នុងពេលប៉ុន្មានខែខាងមុខនេះ៕