ស្ងាត់ៗ! Xiaomi និយាយថាខ្លួនធ្វើតេស្តរថយន្តបើកបរស្វ័យប្រវត្តិក្នុងប្រទេសចិនចំនួន ១៤០គ្រឿងរួចហើយ

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ខ្លួនបានធ្វើតេស្តសាកល្បងរថយន្តចំនួន ១៤០ គ្រឿងរួចហើយនៅទូទាំងប្រទេសចិន ដែលបំពាក់ដោយបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់។

ក្រុមហ៊ុន Xiaomi បានប្រកាសជាលើកដំបូងអំពីផែនការរបស់ខ្លួនក្នុងការបណ្តាក់ទុនចូលទៅក្នុងវិស័យនៃរថយន្តអគ្គិសនីកាលពីឆ្នាំមុន ហើយខណៈពេលដែលថ្មីៗនេះ នាយកប្រតិបត្តិ Lei Jun បាននិយាយថា ខ្លួនមានបុគ្គលិកចំនួន ៥០០ នាក់រួចហើយ ដែលផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិសម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន។ លោកបានបន្ថែមថា ក្រុមហ៊ុនផលិតបានបោះទុនប្រាក់ចំនួន ៤៩០លានដុល្លារ រួចហើយសម្រាប់គំនិតផ្តួចផ្តើមនៃបច្ចេកវិទ្យាបើកបរដោយខ្លួនឯង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ព័ត៌មាននៃការបង្ហាញចេញគំរូរថយន្តបើកបរស្វ័យប្រវត្តិរបស់ក្រុមហ៊ុននេះកើតឡើងតិចជាងពីរសប្តាហ៍ បន្ទាប់ពីមានរបាយការណ៍បង្ហាញថា Xiaomi បានកំពុងនិយាយជាមួយមន្ត្រីមកពីគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិនៅក្នុងប្រទេសចិន ប៉ុន្តែកំពុងប្រឈមនឹងការលំបាកក្នុងការទទួលបានការអនុម័តច្បាប់សម្រាប់គម្រោងរថយន្តរបស់ខ្លួន។

កាលពីពេលកន្លងក្រុមហ៊ុន Xiaomi បានប្រកាសពីការវិនិយោគប្រាក់ ១០ពាន់​លាន​ដុល្លារទៅ​ក្នុង​ការ​បណ្តាក់​ទុន​លើ​រថយន្ត និង​មាន​គម្រោង​​ក្នុង​ការ​បង្ហាញ​រថយន្តអគ្គិសនីដំបូង​របស់​ខ្លួន​ក្នុង​ឆ្នាំ២០២៤។

ក្រុមហ៊ុនថ្មីដែលចូលក្នុងវិស័យរថយន្តក្នុងប្រទេសចិន ចាំបាច់ត្រូវដាក់ឯកសារ ដើម្បីបញ្ជាក់ពីសមត្ថភាពហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់ពួកគេ ជាមួយដំណើរការពិនិត្យជាច្រើនខែ ហើយក្នុងករណីខ្លះ រដ្ឋាភិបាលបដិសេធទាំងស្រុងនូវការដាក់ពាក្យ។ ខណៈពេលដែល Xiaomi មិនទាន់ទទួលបានការយល់ព្រមដែលត្រូវការសម្រាប់គម្រោងរថយន្តរបស់ខ្លួន ប៉ុន្តែ Xiaomi បានចាប់ផ្តើមការងារលើរោងចក្រផលិតរថយន្តដំបូងរបស់ខ្លួនដែលមានទីតាំងនៅទីក្រុងប៉េកាំង។

លោក Steven Tseng និង Sean Chen អ្នកវិភាគ Bloomberg Intelligence បាននិយាយកាលពីពេលថ្មីៗនេះថា

ការលំបាករបស់ Xiaomi ក្នុងការធានាអាជ្ញាប័ណ្ណផលិតរថយន្តនៅក្នុងប្រទេសចិន ដូចដែលបានរាយការណ៍ដោយ Bloomberg News អាចរារាំងការអភិវឌ្ឍន៍អគ្គិសនីរបស់ខ្លួន និងពន្យារពេលការចេញលក់ដំបូងដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០២៤។ ការពន្យារពេលអាចពន្យារការអូសបន្លាយពីការចំណាយលើ R&D ដ៏ច្រើន ក៏ដូចជាការវិនិយោគទ្រព្យសកម្មថេរ ហើយអាចថ្លឹងថ្លែងលើចំណែកទីផ្សាររបស់ខ្លួន ខណៈដែលផ្នែករថយន្តអគ្គិសនី របស់ប្រទេសចិនកំពុងមានភាពប្រគួតប្រជែង កាន់តែខ្លាំងជាមួយនឹងគូប្រជែងដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស Nio, Xpeng និង Li Auto”

ផ្ទាំងផ្សាយពាណិជ្ជកម្ម