
អ្នកប្រើប្រាស់រថយន្តអគ្គិសនី នឹងកាន់តែអស់ក្តីបារម្ភអំពីទីកន្លែងសាកអាគុយរាល់ពេលធ្វើដំណើរម្តងៗ ខណៈស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី កំពុងត្រូវបានពង្រាយរីកដូចផ្សិត នៅទូទាំងប្រទេស តាមរយៈការចូលរួមវិនិយោគពីវិស័យឯកជននានា ដែលមានអាជ្ញាធរអគ្គិសនីកម្ពុជា ជាអ្នកត្រួតពិនិត្យ និងសម្រេចផ្តល់អាជ្ញាបណ្ណ។

ក្នុងចំណោមវិស័យឯកជនដែលចូលរួមវិនិយោគលើស្ថានីយបញ្ចូលថាមពលនេះ ក្រុមហ៊ុន Zo Motors Cambodia បានប្រកាសពីការតាំងចិត្តរបស់ខ្លួន ក្នុងគម្រោងពង្រាយស្ថានីយបញ្ចូលថាមពលល្បឿនលឿនឲ្យបានចំនួន ៣០០ទីតាំងនៅទូទាំងប្រទេស។ ក្នុងនោះ ក្រុមហ៊ុនបង្កើតស្ថានីយបាន ៣០ទីតាំងក្នុងឆ្នាំ២០២៥ ហើយគ្រោងសង់ ២០០ទីតាំងនៅឆ្នាំ២០២៦នេះ និងបន្ថែម ៧០ទីតាំងទៀតនៅឆ្នាំ២០២៧។

ទន្ទឹមនេះ ក្រុមហ៊ុន វីវៈ ប៊ុនថាំ អេចប្រេស ក៏គ្រោងបង្កើតស្ថានីយបញ្ចូលថាមពល EV នៅក្នុងរាជធានីខេត្តជាច្រើនទីតាំង និងនៅតាមបណ្តោយផ្លូវជាតិនានាផងដែរ។

គួរដឹងថា ពេលដែលប្រទេសមានហេដ្ឋារចនាសម្ព័ន្ធស្ថានីយបញ្ចូលថាមពលកាន់តែច្រើនឡើងនោះ នឹងផ្តល់ប្រយោជន៍ដូចជា៖
១-ផ្តល់ទំនុកចិត្តកាន់តែខ្លាំងឡើងដល់អ្នកកំពុងប្រើប្រាស់ និងអ្នកមានបំណងប្រើប្រាស់យានយន្តអគ្គិសនី
២-ជួយសម្រួលដល់អាជីវកម្មលក់ និងចែកចាយយានយន្តអគ្គិសនី ឲ្យកាន់តែមានចីរភាព
៣-ជួយប្រើប្រាស់ថាមពលអគ្គិសនីដែលផលិតក្នុងស្រុក
៤-កាត់បន្ថយលំហូសាច់ប្រាក់ចេញក្រៅប្រទេសដើម្បីទិញឥន្ធនៈពីបរទេស
៥-ជួយប្រជាពលរដ្ឋសន្សំសំចៃថវិកា ដោយប្តូរមកប្រើយានយន្តអគ្គិសនី
៦-លើកកម្ពស់ថាមពលស្អាតតាមរយៈការកាត់បន្ថយការបំភាយឧស្ម័នកខ្វក់ទៅលើអាកាស
៧-ជួយធ្វើឲ្យប្រសើរដល់សុខភាពសាធារណៈ តាមរយៈការបន្ថយជាតិពុលក្នុងបរិយាកាស
៨-ធ្វើឲ្យទំនិញចុះថោក តាមរយៈតម្លៃដឹកជញ្ជូនទាបជាងមុន។

សូមជម្រាបថា តាមរយៈ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» របស់រាជរដ្ឋាភិបាល គឺបានជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ក្នុងនោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ សម្រាប់អ្នកប្រើប្រាស់ ដោយរួមមានការបញ្ចូលថាមពល ការផ្គត់ផ្គង់ថាមពល ការថែទាំ និងជួសជុលជាដើម។ ជាមួយគ្នានោះ នៅត្រឹមឆ្នាំ២០៣០ កម្ពុជាកំណត់គោលដៅសម្រេចបាននូវការចុះបញ្ជី រថយន្តអគ្គិសនីសរុប ៣ម៉ឺនគ្រឿង, ទោចក្រយានយន្តអគ្គិសនីសុទ្ធ ៧២ម៉ឺនគ្រឿង និងត្រីចក្រយានយន្តអគ្គិសនីសុទ្ធ ២ម៉ឺនគ្រឿង៕
























