Polestar ដែលជាក្រុមហ៊ុនមែកធាងរបស់ Volvo បានបង្ហាញរថយន្តអគ្គិសនីម៉ូដែលថ្មីរបស់ខ្លួន គឺ Polestar 2 ជាផ្លូវការ។ រថយន្តរបស់ស៊ុយអែតដំណើរការដោយថាមពលអគ្គិសនីនេះ គឺជាគូប្រជែងដ៏ធំមួយរបស់រថយន្តអគ្គិសនីអាមេរិក Tesla Model 3។
ក្រុមហ៊ុន Polestar បាននិយាយថា Polestar 2 មានចំងាយបើកបរ ៥០០ គីឡូម៉ែត្ររាល់ពេលសាកភ្លើងពេញម្តង ដែលស្រដៀងទៅនឹង Tesla Model 3 ដែរ។
Polestar 2 ប្រើម៉ូទ័រអគ្គិសនី ២ និងអាគុយមួយដែលមានកម្លាំង ៧៨ គីឡូវ៉ាត់ម៉ោង ហើយត្រូវរៀបចំផ្ទុកនៅក្រោមគ្រោងឆ្អឹង CMA (Compact Modular Architecture) របស់វា។ គ្រោងឆ្អឹង CMA នេះ មិនត្រឹមតែជួយឲ្យការផ្ទុកងាយស្រួលប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយសំឡេងរំខាន, រំញ័រ និង សំឡេងផ្សេងៗផងដែរ។
Polestar បានអះអាងថា ប្រព័ន្ធបើកបរប៉ុងពីរ AWD ដែលប្រើលើ Polestar 2 ជាមួយនឹងកម្លាំង ៤០០ សេះ អាចជួយឲ្យវាមានសមត្ថភាពស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៥ វិនាទីប៉ុណ្ណោះ។
រថយន្ត Polestar 2 មានតម្លៃចាប់ពី ៦៣ ០០០ ដុល្លារនៅសហរដ្ឋអាមេរិក សម្រាប់ម៉ូដែល Launch Edition។ ចំណែកឯ Tesla Model 3 Performance មានតម្លៃថោកជាងបន្តិច គឺ ៦០ ៩០០ ដុល្លារ៕