Polestar ទទួលបានទឹកប្រាក់បន្ថែម ១,៦ពាន់លានដុល្លារ ដើម្បីជួយដល់ការផលិត

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តអគ្គិសនី Polestar មានផែនការធំសម្បើមសម្រាប់ប៉ុន្មានឆ្នាំខាងមុខ ហើយដើម្បីអាចសម្រេចផែនការនេះបាន ក្រុមហ៊ុនទើបទទួលបានទឹកប្រាក់បន្ថែម ១,៦ពាន់លានដុល្លារ ដែលទទួលបានតាមរយៈប្រាក់កម្ចី និងតាមរយៈការទ្រទ្រង់ពីម្ចាស់ភាគហ៊ុន។

ពេលនិយាយជាមួយអ្នកវិភាគក្នុងពិធីប្រកាសលទ្ធផលចំណូលប្រចាំត្រីមាស លោក Thomas Ingenlath ជានាយកប្រតិបត្តិបានបង្ហាញថា Volvo បានផ្ដល់ប្រាក់កម្ចី ៨០០លានដុល្លារ រយៈពេល១៨ខែ ខណៈម្ចាស់ភាគហ៊ុនធំៗនៃក្រុមហ៊ុនបណ្ដាក់ទុន PSD Investment Ltd. ប្ដេជ្ញាជួយជ្រោមជ្រែងចំនួន ៨០០លានដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Polestar និយាយថាខ្លួនកំពុងស្ថិតតាមផែនការដឹកជញ្ជូនរថយន្តឲ្យបាន ៥ម៉ឺនគ្រឿង ត្រឹមចុងឆ្នាំ២០២២ ដោយបានផ្ដល់ជូនរថយន្តដល់អតិថិជនបានប្រមាណ ៣ម៉ឺនគ្រឿង នៅរយៈពេល៩ខែដំបូង នៃឆ្នាំ២០២២។ ត្បិតថាឆ្នាំ២០២២ ជាឆ្នាំដែលគេឃើញថា Polestar រីកចម្រើនខ្លាំង ប៉ុន្តែក្រុមហ៊ុនរំពឹងថារីកចម្រើនកាន់តែខ្លាំងនៅឆ្នាំបន្តបន្ទាប់ ពេលប្រកាសចេញរថយន្តម៉ូដែលថ្មី។

Polestar រំពឹងថានឹងអាចលក់រថយន្តម៉ូដែល Polestar 3 បាន ២,៤ម៉ឺនគ្រឿង នៅឆ្នាំ២០២៣ និងបាន ៦,៧ម៉ឺនគ្រឿង នៅឆ្នាំ២០២៤ រួចឡើងដល់ ៧,៧ម៉ឺនគ្រឿង នៅឆ្នាំ២០២៥។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនជឿថាអាចលក់រថយន្ត Polestar 4 បាន ៤,៣ម៉ឺនគ្រឿង នៅឆ្នាំ២០២៤ និងបាន ៧,៩ម៉ឺនគ្រឿង នៅឆ្នាំ២០២៥ ហើយក្រុមហ៊ុនសង្ឃឹមថាអាចលក់រថយន្តសរុបបានប្រមាណ ២៩ម៉ឺនគ្រឿង ត្រឹមឆ្នាំ២០២៥។

នៅត្រីមាសទីបីនេះ Polestar ប្រតិបត្តិការដោយខាតបង់ទឹកប្រាក់ ១៩៦,៤លានដុល្លារ ធៀបនឹងការខាតបង់ ២៩២,៩លានដុល្លារ នៅរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ខណៈដែលការលក់កើនឡើងពី ២១២,៩លានដុល្លារ មកដល់ ៤៣៥,៤លានដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម