ហេតុផលធំមួយដែលទីផ្សារឡានអគ្គិសនីនៅន័រវេស ជោគជ័យលើសប្រទេសណាណាទាំងអស់

[ទីផ្សារបរទេស] ប្រទេសន័រវេសនឹងធ្វើការហាមឃាត់ការលក់រថយន្តប្រើម៉ាស៊ីនប្រេងឥន្ធនៈនៅក្នុងឆ្នាំ២០២៥ខាងមុខ ដែលជាការកំណត់គោលដៅមួយលឿនជាងបណ្ដាប្រទេសដទៃទៀត។

ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២២នេះ ប្រមាណ ៨០% នៃរថយន្តថ្មីដែលលក់ចេញនៅប្រទេសនេះគឺជារថយន្តអគ្គិសនីសុទ្ធ។ គិតត្រឹមខែកុម្ភៈនេះ ប្រទេសន័រវេសបានកត់ត្រាពីការចុះបញ្ជីរថយន្តអគ្គិសនីជាង ៤៧ម៉ឺនគ្រឿង ដែលមានចំណែកស្មើនឹងជិត ១០% នៃចំនួនរថយន្តសរុបដែលបានចុះបញ្ជីក្នុងប្រទេសនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រាក់ឧបត្ថម្ភលើកទឹកចិត្តក្នុងការទិញរថយន្តអគ្គិសនី និងការលើកលែងមួយចំនួបគឺជាចំណុចទាក់ទាញចិត្តដ៏ធំមួយសម្រាប់ពលរដ្ឋប្រទេសន័រវេស។ ការស្រាវជ្រាវដោយសមាគមរថយន្តអគ្គិសនីន័រវេស បានប្រៀបធៀបតម្លៃនៃរថយន្ត Volkswagen Golf នាំចូលគឺស្មើប្រមាណ ២៤ ៤៣០ដុល្លារ ខណៈដែលរថយន្ត Volkswagen e-Golf ដែលជាប្រភេទអគ្គិសនីមានតម្លៃប្រមាណ ៣៦ ៦០០ដុល្លារ។ ក្រោយបូកបញ្ចូលពន្ធផ្សេងៗ តម្លៃនៃរថយន្ត Volkswagen Golf បានហក់ឡើងដល់ប្រមាណ ៣៧ ៧៥០ដុល្លារ ខណៈដែលរថយន្ត e-Golf ឡើងថ្លៃត្រឹមប្រមាណ ២៧០ដុល្លារ ប៉ុណ្ណោះ។

តាមរយៈការប្រៀបធៀបនេះ ឃើញថារថយន្តអគ្គិសនីទទួលបានការលើកលែងច្រើនលើពន្ធនាំចូល ក៏ដូចជាតម្លៃពន្ធផ្សេងៗទៀត ដែលនេះជាហេតុផលចម្បងធ្វើឲ្យទីផ្សាររថយន្តអគ្គិសនីរបស់ន័រវេសទទួលបានជោគជ័យខ្លាំងលើសប្រទេសដទៃទៀត។

យ៉ាងណាក្ដី ស្របពេលដែលឆ្នាំ២០២៥កាន់តែខិតចូលមកដល់ រដ្ឋាភិបាលន័រវេសក៏បានចាប់ផ្ដើមលុបចោលការលើកលែងមួយចំនួនចំពោះរថយន្តអគ្គិសនី ដោយចាប់ពីឆ្នាំ២០២២នេះ រថយន្តអគ្គិសនីនឹងត្រូវបង់ពន្ធពេលទិញជាថ្មីម្ដងទៀត ក្រោយការលើកលែងដែលបានចាប់ផ្ដើមកាលពីឆ្នាំ១៩៩៦៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម