ក្នុងពេលបច្ចុប្បន្ននេះ រថយន្តប្រភេទ SUV ខ្នាតតូច (Crossover) មានការពេញនិយមកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា។ ពួកគេមានលក្ខណៈពិសេសល្អៗស័ក្តសមគ្រប់ការប្រើប្រាស់ អមជាមួយនឹងតម្លៃសមរម្យ។ អ្វីដែលធ្វើឱ្យរថយន្តប្រភេទ Crossover កាន់តែពេញនិយមនោះគឺវាមានរូបរាងស្រដៀងនឹងរថយន្តប្រភេទ SUV និងមានអត្ថប្រយោជន៍ច្រើន។ ចំពោះរថយន្តប្រភេទ Crossover វាមានទម្ងន់ស្រាលជាង និងកាន់តែប្រសើរជាងនៅពេលនិយាយអំពីការសន្សំសំចៃប្រេងឥន្ធនៈ ហើយដោយសារតែទំហំរបស់វាតូចល្មមនោះកាន់តែមានផាសុកភាពសម្រាប់អ្នកដំណើរនិងងាយស្រួលបើកបរ។ ទីផ្សារកម្ពុជាសព្វថ្ងៃមានប្រភេទរថយន្ត Crossovers ជាច្រើនដូចជា MG ZS, Ford Ecosport, Toyota Raize, Ssang Yong Tivoli, Mazda 2, Hyundai Venue, Chevrolet Equinox ជាដើម។
វាក៏មានចំណុចជាច្រើនដែលត្រូវគិតអំពីពួកគេនៅពេលនិយាយអំពីការសម្រេចចិត្តទិញរថយន្ត ហើយ ៥ ចំណុចខាងក្រោមនេះជាលក្ខណៈពិសេសដែលអ្នកទិញមិនគួរមើលរលងពីរថយន្តប្រភេទ Crossover។
១. តម្លៃសមរម្យ និងសន្សំសំចៃប្រេង: តម្លៃគឺពិតជាសមរម្យលើរថយន្តម៉ូឌែលទាំងនេះដូចជា MG ZS, Hyundai Venue និង Ford Ecosport ដែលចាប់ផ្តើមពី ២៩ ៩៩០ដុល្លារ ទៅ ៣១ ៥០០ដុល្លារ ហើយលោកអ្នកអាចក្លាយជាម្ចាស់រថយន្តប្រភេទSUVខ្នាតតូច (Crossover)។ តាមរយៈការបើកបរប្រភេទប៉ុង១ រួមជាមួយនឹងប្រអប់លេខដៃនិងលេខអូតូបានផ្តល់នូវសំទុះខ្លាំងហើយសន្សំសំចៃ ដោយរថយន្តប្រភេទ Crossovers ទាំងអស់នេះផ្តល់នូវការសន្សំសំចៃប្រេងឥន្ធនៈ ចាប់ពី ៦,៧លីត្រ ក្នុង ១០០Km/h នៅលើផ្លូវហាយវេ។ ជាមួយនឹងប្រជាប្រិយភាពខ្ពស់ និងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ នោះរថយន្តប្រភេទ Crossover គឺជាដៃគូដ៏ល្អបំផុតសម្រាប់អ្នក។
២. កាប៊ីនខាងក្នុង និងផាសុកភាព: ផ្នែកខាងក្នុងដ៏ទាក់ទាញនឹងបង្កើតចំណាប់អារម្មណ៍ដំបូងគេបង្អស់នៅពេលអ្នកចូលទៅក្នុងរថយន្ត។ ដូច្នេះហើយលោកអ្នកក៏ត្រូវគិតអំពីការរចនាផ្នែកខាងក្នុង និងពណ៌ផងដែរ ហើយថ្ងៃនេះយើងនឹងបង្ហាញលោកអ្នកអំពីការរចនាផ្ទៃខាងក្នុងពណ៌គ្រីមរបស់រថយន្ត MG ZS 2022 ដែលមើលទៅភ្លឺថ្លា និងស្រទន់ដើម្បីផ្តល់នូវផាសុកភាពជាងធម្មតា។ ផ្ទៃខាងក្នុងពណ៌ខ្មៅក៏មាននៅលើប្រភេទ Crossover ផងដែរដូចជា Ssang Yong Tivoli ដែលវាងាយស្រួលក្នុងការសម្អាត ប៉ុន្តែក៏វាស្រូមកម្តៅបានលឿនក្នុងអំឡុងពេលចតរថយន្តក្រោមពន្លឺព្រះអាទិត្យដែរ។
៣. ចន្លោះជើងធំទូលាយ: ភាពធំទូលាយនៃរថយន្តប្រភេទ Crossover មានភាពខុសប្លែកគ្នាបន្តិចពីរថយន្ត SUV ប៉ុន្តែប្រភេទ Crossover មួយចំនួនក៏ផ្តល់ជូនម្ចាស់រថយន្តនូវកន្លែងដាក់ជើង ឬកន្លែងផ្ទុកសម្ភារៈបានធំទូលាយដូចជា SUV ផងដែរ។ រថយន្ត Ssang Yong Tivoli មានចន្លោះឃ្លុបក្រោយ ៣៩៣ លីត្រ-៣៦៩លីត្រ សម្រាប់ទំហំឃ្លុបក្រោយ Toyota Raize និង Ford EcoSport គឺមានទំហំ ៣៥០លីត្រ បើប្រៀបធៀបជាមួយនឹងអ្វីដែលអ្នកនឹងទទួលបានពីរថយន្ត MG ZS គឺ ៤៤៨លីត្រ រួមនឹងទំហំផ្ទុក ១ ៣៧៥លីត្រ ដើម្បីផ្តល់ឱ្យអ្នកទិញនូវទំហំគ្រប់គ្រាន់ សម្រាប់ផ្ទុកសម្ភារៈនិងទំនិញផ្សេងៗ។
៤. ភាពជឿជាក់ និងប្រព័ន្ធសុវត្ថិភាព: រថយន្តប្រភេទ Crossover ដែលអ្នកអាចទុកចិត្តបាននោះគឺការផ្តល់នូវការបើកបរប្រកបដោយសុវត្ថិភាព និងផាសុកភាព ដែលអាចការពារអ្នកដំណើរនិងអ្នកបើកបរបានយ៉ាងល្អក្នុងករណីមានគ្រោះថ្នាក់កើតឡើង។ រថយន្ត Mazda 2 និង MG ZS, ពួកគេក៏បានផ្តល់ជូននូវគុណភាពល្អ និងមុខងារសុវត្ថិភាពដ៏អស្ចារ្យជាច្រើនផងដែរដូចជា: ប្រព័ន្អហ្វ្រាំងអេឡិចត្រូនិច, កាមេរ៉ាក្រោយដែលមានសេនស័រជំនួយពេលចតរថយន្ត, ពោងសុវត្ថិភាពសម្រាបអ្នកបើកបរ និងអ្នកដំណើរ, ប្រព័ន្ធជំនួយពេលឡើងភ្នំ និងចុះចំណោទ ជាដើម។ ក្រៅពីមុខងារទាំងអស់នេះរថយន្ត MG ZS ក៏បន្ថែមនូវកាមេរ៉ា 360 ដឺក្រេដើម្បីបង្កើននូវភាបទំនើបប្រកបដោយសុវត្ថិភាពខ្ពស់។ វាពិតជាចាំបាច់ណាស់ដើម្បីរក្សាភាពជឿជាក់ និងទំនុកចិត្តលើរថយន្តដែលអ្នកប្រើប្រាស់ ព្រោះវាមានសារៈសំខាន់ណាស់ចំពោះអ្នក និងក្រុមគ្រួសារ។
៥. ការរចនាបែបទាក់ទាញ: រថយន្តប្រភេទ Crossovers ត្រូវបានជំរុញការរចនាឱ្យកាន់តែទាក់ទាញជាចម្បង ហើយរថយន្តមួយចំនួនក្នុងចំណោមរថយន្តទាំងនោះក៏ទទួលបានពិន្ទុខ្ពស់ពីអ្នកប្រើប្រាស់លើភាពទាក់ទាញនៃរូបរាង និងបទពិសោធន៍បើកបរល្អផងដែរ។ ជាឧទាហរណ៍ យើងសូមលើកយករថយន្ត Ford Ecosport និង MG ZS ដែលជារថយន្តប្រភេទ Crossover ដែលលក់ដាច់បំផុតក្នុងប្រទេសកម្ពុជា អមជាមួយនឹងរចនាបទខុសៗស្រលះតែម្តង តែស័ក្តសមសម្រាប់អ្នកប្រើប្រាស់គ្រប់វ័យទាំងជំនាន់ចាស់និងថ្មី។ ដរាបណាអ្នកផលិតរថយន្តនៅតែរក្សាការរចនាកាន់តែទាក់ទាញ និងធ្វើឱ្យម៉ូដែលថ្មីកាន់តែទំនើប នោះការលក់រថយន្តប្រភេទ Crossover ត្រូវបានគេរំពឹងថានឹងនៅតែកើនឡើងនិងពេញនិយម។
រថយន្តប្រភេទ Crossovers ត្រូវបានបង្កើតឡើងនៅនិន្នាការថយន្តថ្មីដ៏ល្អអស្ចារ្យ និងមានភាពងាយស្រួលក្នុងការបើកបរ។ រថយន្តប្រភេទ Crossover ក៏ទទួលបានការរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងការកើនឡើងនៃទិន្នន័យលក់ជាលំដាប់ដែលឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងឧស្សាហកម្មយានយន្ត ព្រមជាមួយហេតុផលជាច្រើនក្នុងការទិញរថយន្តប្រភេត Crossover ដូចជាមានកន្លែងដាក់សម្ភារៈធំទូលាយ, ការសន្សំសំចៃប្រេងឥន្ធនៈខ្ពស់, ការរចនារូបរាងក្នុងក្រោដ៏ទាក់ទាញ និងជាពិសេសគឺតម្លៃសមរម្យដែលប្រជាជនកម្ពុជាជាច្រើនអាចមានលទ្ធភាពក្នុងការទិញរថយន្តថ្មីបាន៕