[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តចិន Li Auto បានចេញផ្សាយរូបភាពដំបូងនៃរថយន្ត L9 ដែលជារថយន្ត SUV ខ្នាតធំមានបំពាក់ជាមួយមុខងារទំនើប រួមទាំងមានប្រើប្រាស់ប្រព័ន្ធបើកបរ PHEV ដែលសន្សំសំចៃខ្លាំង ខណៈដែលរថយន្តនេះនឹងបង្ហាញវត្តមានជាផ្លូវការក្នុងកម្មវិធីតាំងបង្ហាញរថយន្តក្រុងប៉េកាំងនៅខែមេសាខាងមុខ។
រថយន្ត Li Auto L9 មានប្រវែង៥២០០ម.ម ទទឹង១៩៩៨ម.ម កម្ពស់១៨០០ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយគឺ ៣១០៥ម.ម។ ទំហំរបស់រថយន្តនេះគឺស្ទើរតែប្រហាក់ប្រហែលនឹងរថយន្ត BMW X7 ហើយក៏ធំជាងរថយន្តម៉ូដែល Li Auto One ដែលក្រុមហ៊ុនបានប្រកាសចេញកាលពីឆ្នាំ២០១៩។
រចនាបថរបស់វាស្រដៀងនឹងម៉ូដែល One ដែរ ប៉ុន្តែវាមានការខុសប្លែកគ្នានៅត្រង់ដៃទ្វាររថយន្តដែលបង្កប់ចូលទៅក្នុងតួខ្លួន, មានអំពូលភ្លើង LED ដែលរាងស្ដើងជាង, កាងខាងក្រោយផ្លាស់ប្ដូររូបរាងថ្មី និងអវត្តមាននៃផ្ទាំងប៉ាណាមុខ ដែលធ្វើឲ្យរថយន្ត L9 មើលទៅស្រដៀងនឹងរថយន្តអគ្គិសនី។
នៅផ្នែកខាងក្នុងមានអេក្រង់ទំហំ ១៥,៧អ៉ីញ រហូតដល់ទៅ៣បន្ទះ ដោយអេក្រង់ពីរបំពាក់លើតាបឡូ ខណៈដែលអេក្រង់មួយទៀតសម្រាប់អ្នកដំណើរខាងក្រោយ។ កៅអីអង្គុយទាំង៦មានមុខងារកំដៅជាមួយម៉ាស្សា ហើយរថយន្តនេះក៏មានដំបូលការពារកំដៅពីរជាន់ មានភ្លើងបំភ្លឺខាងក្នុងនាពេលយប់ មានទូទឹកកក ជាមួយប្រព័ន្ធសំឡេងដ៏អស្ចារ្យថែមទៀត។ រថយន្ត L9 នេះក៏មានសមត្ថភាពបើកបរស្វ័យប្រវត្តិកម្រិត៤ (Level 4) ដោយសារវាមានបំពាក់ Sensor ជាច្រើន។
រថយន្តនេះបានប្រើថាមពលប្រភេទ PHEV ដែលមានម៉ាស៊ីនប្រេង Turbocharged ចំណុះ១,៥លីត្រ ៤ស៊ីឡាំង បំពេញតួនាទីធ្វើជា Range Extender ខណៈដែលម៉ូទ័រអគ្គិសនីជាអ្នកផ្ដល់កម្លាំងដល់កង់។ ថាមពលសរុបដែលបានពីថាមពលកូនកាត់នេះអាចផ្ដល់កម្លាំងបានសរុប ៤០៨សេះ។
ត្បិតថាជារថយន្ត PHEV ប៉ុន្តែ L9 មានបំពាក់អាគុយធំដែលមានចំណុះដល់ ៤៤,៥kWh អាចផ្ដល់ជូនការបើកបរដោយប្រើថាមពលអគ្គិសនីបានចម្ងាយ ២០០គីឡូម៉ែត្រ។ បន្ថែមពីនេះជាមួយការសាកភ្លើងពេញ និងចាក់ប្រេងពេញ អាចផ្ដល់ចម្ងាយបើកបរសរុបដល់ ១២០០គីឡូម៉ែត្រ ដែលជិះបានឆ្ងាយជាងរថយន្ត PHEV ដទៃទៀត។
L9 នេះនឹងដាក់លក់នៅប្រទេសចិនក្នុងតម្លៃចន្លោះពីប្រមាណ ៧ម៉ឺនដុល្លារ ដល់ ៧៨ ៦០០ដុល្លារ ខណៈដែលដំណឹងអំពីការនាំពេញទៅលក់លើទីផ្សារបរទេសនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕