ឡានថ្លៃដាច់គេមួយគ្រឿងដំបូងរបស់ Cadillac នឹងត្រូវដាក់លក់ដេញថ្លៃ

[ទីផ្សារបរទេស] រថយន្ត Escalade-V ដែលជារថយន្តថ្លៃដាច់គេរបស់ Cadillac គ្រោងដាក់​លក់ដេញថ្លៃនៅថ្ងៃទី០១ ខែកក្កដា សម្រាប់រថយន្តមួយគ្រឿងដំបូងគេ ដោយការដេញថ្លៃនឹងធ្វើឡើងដោយ Barrett-Jackson ហើយ​ថវិកាដែល​ទទួល​បាន​នឹងយកបរិច្ចាគដល់​សកលវិទ្យាល័យ Pensole Lewis។

រថយន្តមួយគ្រឿងដំបូងគេនេះនឹងមានលេខកូដសម្គាល់ VIN 001 ដោយ​វា​មានប្រើប្រាស់​ម៉ាស៊ីន Supercharged ៦,២​លីត្រ ៨ស៊ីឡាំង អាចផលិតកម្លាំងបាន ៦៨២សេះ។ ម៉ាស៊ីននេះភ្ជាប់ជាមួយ​ប្រអប់​លេខ​ស្វ័យ​ប្រវត្តិ​១០​វគ្គ និងប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ ដែល​អាច​ស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេលមិនដល់ ៤,៤វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីមានម៉ាស៊ីនខ្លាំងហើយ Escalade-V ក៏​មាន​បំពាក់​កាងមុខដែលអង់អាច និងមានប្រព័ន្ធបំពង់ស៊ីមាំង​ចំនួន​បួន ហើយ​មាន​ប្រើ​យ៉ាន់​អាលុយមីញ៉ូមទំហំ ២២អ៉ីញ ដែល​អម​ដោយ​ដុំ​ហ្វ្រាំង​កម្លាំង​ខ្លាំង Edge Red ផងដែរ។ រថយន្ត SUV នេះ​ក៏​មាន​នូវ​បូម​ខ្យល់ និងមានមុខងារ Magnetic Ride Control 4.0 ដ៏ទំនើបទៀតផង។

នៅផ្នែកខាងក្នុង​មាន​បំពាក់ឈើប្រភេទ Zebra និងអេក្រង់ OLED រាងកោង ដែល​សរុបតំបន់អេក្រង់ចូលគ្នាគឺមាន​ទំហំរហូត​ដល់ ៣៨អ៉ីញ ហើយមានទៅដោយប្រព័ន្ធសំឡេង AKG Studio Reference ដែលមាន​រន្ធ​បំពងសំឡេង​ចំនួន​៣៦។

រថយន្តមួយគ្រឿងដំបូងដែលគ្រោងដាក់ដេញថ្លៃនេះ មិនមានការប៉ាន់ស្មានពីតម្លៃឡើយ ប៉ុន្តែ​រថយន្ត​នេះ​មាន​តម្លៃ​ចាប់ពី ១៤៩ ៩៩០​ដុល្លារ ជារថយន្ត Cadillac ដែល​មានតម្លៃខ្ពស់ជាងគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម