ឡានបោះជំរំ Mercedes ប្រើអគ្គិសនីសុទ្ធ អាចជិះបានចម្ងាយជាង ៣០០គីឡូម៉ែត្រ

[ទីផ្សារបរទេស] Mercedes-Benz បានបង្ហាញចេញរថយន្តបោះជំរំ (Camper) ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធដំបូងរបស់ខ្លួន ដែលជារថយន្តផលិតចេញពីរថយន្ត EQV ដែលមានដាក់លក់លើទីផ្សារអឺរ៉ុប។

ការផ្លាស់ប្ដូររថយន្ត EQV មកជារថយន្តបោះជំរំនេះបានបន្ថែមដំបូលដែលបើកចេញបាន និងអាចផ្ដល់ជាកន្លែងស្នាក់នៅ ហើយមានផ្ដល់ជម្រើសបន្ទះសូឡារ ជាមួយគ្រែគ្រងនៅផ្នែកខាងក្រោយនៃរថយន្ត បន្ថែមជាមួយចង្ក្រានខ្នាតតូចបំពាក់នៅផ្នែកខាងក្រោយបំផុត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចង្ក្រានបាយផ្នែកខាងក្រោយ មានគ្រប់យ៉ាងដែលអាចឲ្យអ្នកត្រៀមធ្វើម្ហូបអាហារនៅកណ្ដាលព្រៃបាន ដែលមានដូចជាស៊ីងលាង, ចង្ក្រានហ្គាស, ទូរក្លាស្សេ, ថតសម្រាប់ទុកដាក់កាំបិត, ឧបករណ៍សម្រាប់ចម្អិន និងឧបករណ៍ដទៃទៀត។

រថយន្តជំរំនេះមានជម្រើសប្រវែងចំនួនពីរ ដែលមួយមានប្រវែង ៥១៤០ម.ម និងមួយទៀតមានប្រវែង ៥៣៧០ម.ម។ ទាំងពីរប្រភេទនេះមានបំពាក់ម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងបាន ២០១សេះ ហើយវាមានជម្រើសអាគុយទំហំ ៦០kWh និង ៩០kWh ដែលមួយអាចបើកបរបានចម្ងាយដល់ ២១៣ ទៅ ២៣៦គីឡូម៉ែត្រ និងមួយទៀតបើកបរបានចន្លោះពី ៣២៦ ទៅ ៣៦៣គីឡូម៉ែត្រ។

យ៉ាងណាក្ដី កាលបរិច្ឆេទនៃការលក់ និងតម្លៃលក់លើទីផ្សារអឺរ៉ុប នៅមិនទាន់មានការប្រកាសចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម