ឡានភីកអាប់អគ្គិសនីរបស់ Ford អាចផ្ដល់ថាមពលឲ្យផ្ទះមួយបានរហូតដល់៣ថ្ងៃ

[ទីផ្សារបរទេស] រថយន្ត F-150 Lightning មានតម្លៃចាប់ផ្ដើមមិនដល់៤ម៉ឺនដុល្លារឡើយនៅសហរដ្ឋអាមេរិក ប៉ុន្តែបើចង់បានអាគុយទំហំធំជិះបានឆ្ងាយ អតិថិជនត្រូវចំណាយលុយយ៉ាងតិច ៧២ ៤៧៤ដុល្លារ។

ប្រសិនបើវិនិយោគលើប្រភេទអាគុយធំនេះ អតិថិជននៅអាមេរិកអាចប្រើរថយន្តភីកអាប់អគ្គិសនីនេះសម្រាប់ផ្គត់ផ្គង់ថាមពលដល់ផ្ទះបានរហូតដល់៣ថ្ងៃ ជាមួយមុខងារ Ford Intelligent Backup Power ដែលធ្វើឲ្យរថយន្តនេះអាចដើរតួដូចជាឧបករណ៍ផ្ទុកភ្លើងយ៉ាងអ៉ីចឹង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Ford បានសហការជាមួយក្រុមហ៊ុនសូឡារ Sunrun ដើម្បីប្រែក្លាយរថយន្តអគ្គិសនីភីកអាប់នេះទៅជា Power Bank សម្រាប់ផ្ទះមួយខ្នងបាន។ នេះជាចំណុចពិសេសដែលទើបមានជាលើកដំបូងលើរថយន្តភីកអាប់ ហើយ For សន្យាថាអាគុយទំហំ ១៣១kWh នៃរថយន្ត F-150 Lightning អាចផ្ដល់ថាមពលបានដល់ ៩,៦kW។

បើគិតជាមធ្យម ពលរដ្ឋអាមេរិកប្រើប្រាស់ថាមពលប្រមាណ ៣០kWh ក្នុងមួយថ្ងៃ ដែលមានន័យថា F-150 Lightning ប្រភេទអាគុយធំអាចផ្គត់ផ្គង់ថាមពលដល់ផ្ទះមួយបានយូរបំផុតគឺរហូតដល់ ៣ថ្ងៃ។

ដើម្បីអាចទទួលបានមុខងារពិសេសនេះ អតិថិជនត្រូវដំឡើងប្រព័ន្ធ Home Integration System របស់ក្រុមហ៊ុន Sunrun ដែលអនុញ្ញាតឲ្យរថយន្តអគ្គិសនីនេះរក្សាទុកថាមពល យ៉ាងណាមិនទាន់មានការបញ្ជាក់ពីតម្លៃនៃការដំឡើងនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម