[ទីផ្សារបរទេស] ការផលិតរថយន្តភីកអាប់អគ្គិសនី Ford F-150 Lightning ត្បិតថាមិនទាន់ចាប់ផ្ដើម ប៉ុន្តែ Ford បានបញ្ជាក់ថារថយន្តភីកអាប់នេះបានលក់ដាច់អស់ហើយសម្រាប់ម៉ូដែលឆ្នាំ២០២២។
រថយន្តភីកអាប់អគ្គិសនីសុទ្ធដំបូងរបស់ Ford បានទាក់ទាញចំណាប់អារម្មណ៍អតិថិជនបានយ៉ាងច្រើនលើសលប់ ដោយក្នុងពេលមិនដល់៦ខែផង ក្រុមហ៊ុនបានទទួលការកក់ចំនួនជិត ២០ម៉ឺនគ្រឿង សម្រាប់រថយន្តនេះ។ មកដល់ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុនបានបញ្ជាក់លើវិបសាយថារថយន្តភីកអាប់នេះលែងមានតទៀតហើយសម្រាប់ស៊េរីឆ្នាំ២០២២។
លើវិបសាយបានសរសេរថា ៖ “ដោយសារតម្រូវការខ្ពស់ ម៉ូដែលស៊េរីឆ្នាំបច្ចុប្បន្ន លែងមានលក់រាយតទៀតហើយ។ សូមទាក់ទងឈ្មួញលក់របស់អ្នកសម្រាប់ព័ត៌មានបន្ថែម”។
និយាយជាមួយ Cars Direct ក្រុមហ៊ុន Ford បញ្ជាក់ថាខ្លួនពិតជាលែងទទួលការកុម្ម៉ង់ទិញសម្រាប់រថយន្ត F-150 Lightning ស៊េរីឆ្នាំ២០២២ ពិតមែន។ នេះមានន័យថាអតិថិជនមានតែជម្រើសទិញតពីអ្នកដទៃ ឬត្រូវរង់ចាំសម្រាប់ម៉ូដែលឆ្នាំ២០២៣តែម្ដង។
គួរដឹងថា F-150 Lightning ស៊េរីឆ្នាំ២០២២ មានតម្លៃចាប់ផ្ដើមពី ៣៩ ៩៧៤ដុល្លារ ជាតម្លៃមុនការទូទាត់នូវប្រាក់ឧបត្ថម្ភ ដោយរថយន្តនេះដែរអាចបើកបរបានចម្ងាយចន្លោះពី ៣៧០គីឡូម៉ែត្រ ទៅ ៥១៥គីឡូម៉ែត្រ ខុសគ្នាអាស្រ័យលើទំហំអាគុយ៕