[ទីផ្សារបរទេស] ឧស្សាហកម្មរថយន្តនៅរុស្ស៊ីបានរងផលប៉ះពាល់ខ្លាំង ចាប់តាំងពីប្រទេសនេះបានសម្រេចឈ្លានពានប្រទេសអ៊ុយក្រែន ហើយស្របពេលដែលការផលិតក្នុងស្រុកមានការថយចុះ បានធ្វើឲ្យទីផ្សាររថយន្តមួយទឹកចាប់ផ្ដើមទទួលផលចំណេញ។
មានក្រុមហ៊ុនផលិតរថយន្តជាច្រើនបានបិទរោងចក្រនៅប្រទេសរុស្ស៊ី ហើយមានក្រុមហ៊ុនខ្លះបានលក់ប្រតិបត្តិការរបស់ខ្លួនទាំងស្រុង ធ្វើឲ្យអតិថិជនជាច្រើនមិនមានជម្រើសផ្សេងក្រៅតែពីការទិញរថយន្តពីទីផ្សាររថយន្តមួយទឹក។
ទិន្នន័យបង្ហាញថា ៧៦% នៃរថយន្តមួយទឹកបាននាំចូលទៅប្រទេសរុស្ស៊ី ចេញពីប្រទេសជប៉ុន ខណៈដែលប្រទេសប៊េឡារុសស្ថិតនៅចំណាត់ថ្នាក់ទីពីរ ជាមួយចំណែក ៥,៣% ហើយតម្លៃរថយន្តមួយទឹកមានការឡើងថ្លៃប្រមាណ ១០% ក្នុងខែកញ្ញា ធៀបនឹងកាលពីដើមឆ្នាំ។
កាលពីខែសីហា រថយន្តមួយទឹកដែលបាននាំចូលប្រទេសរុស្ស៊ី មានចំនួន ២៣ ១១៧គ្រឿង កើនឡើងពីចំនួន ១១ ០៥៥គ្រឿង ធៀបនឹងខែកុម្ភៈ។ ឯចំនួនរថយន្តថ្មីដែលនាំចូលគឺមាន ១០ ៥២៧គ្រឿង ហើយជិត ៧០% នៃរថយន្តថ្មីគឺមានប្រភពពីប្រទេសចិន។
Reuters បានកត់សម្គាល់ថាអ្នកនាំចូលរថយន្តឯកជនបាននាំចូលរថយន្តជាង ១០ម៉ឺនគ្រឿង នៅចាប់ពីខែមករា ដល់ខែសីហា ដែលជាការកើមឡើងជិត ៥០% ធៀបនឹងកាលពីឆ្នាំ២០២១ ហើយបន្ថែមពីនេះអ្នកនាំចូលរថយន្តឯកជនមានចំណែក ២៣% នៃចំនួនរថយន្តថ្មីទាំងដែលនាំចូលរុស្ស៊ី កើនឡើងពីចំនួន ២% កាលពីខែកុម្ភៈ។
ងាកទៅមើលរថយន្តថ្មី បានថយចុះការលក់ជិត ៦០% មកនៅត្រឹម ៥០៦ ៦៦១គ្រឿង នៅចន្លោះខែមករា និងខែកញ្ញា៕