[ទីផ្សារបរទេស] រថយន្តវ៉ែន Voyah Dreamer ដែលបានបង្ហាញចេញជាលើកដំបូងកាលពីឆ្នាំ២០២១ ក្នុងកម្មវិធីតាំងបង្ហាញរថយន្តនៅប្រទេសចិន នាពេលនេះបានចេញលក់ជាផ្លូវការនៅប្រទេសចិន ដោយវាបានក្លាយជារថយន្តវ៉ែនកម្លាំងខ្លាំងជាងគេ និងស្ទុះជាងគេក្នុងលោកផងដែរ។
Voyah ដែលម៉ាករថយន្តប្រណីតរបស់ក្រុមហ៊ុន Dongfeng បានប្រាប់ពីព័ត៌មានលម្អិតថារថយន្ត Dreamer នេះមានជម្រើសចំនួនពីរ ទីមួយគឺប្រភេទអគ្គិសនីសុទ្ធ និងប្រភេទ Hybrid។ ប្រភេទអគ្គិសនីសុទ្ធមានម៉ូទ័រអគ្គិសនីពីរដែលផលិតកម្លាំងសរុបបាន ៤២៩សេះ ហើយអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេល ៥,៩វិនាទី ជាមួយល្បឿនអតិបរមា ២០០គ.ម/ម៉។ ជាមួយកម្លាំងដែលផលិតបាននេះអាចឲ្យរថយន្ត Voyah Dreamer ក្លាយជារថយន្តវ៉ែនកម្លាំងខ្លាំងជាងគេក្នុងលោក។
ដោយឡែកសម្រាប់ប្រភេទ Hybrid វិញ មានម៉ាស៊ីនចំណុះ ១,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីភ្លោះ ដែលអាចផលិតកម្លាំងបានសរុប ៣៨៩សេះ និងអាចស្ទុះដល់ ១០០គ.ម/ម៉ ក្នុងពេល ៦,៩វិនាទី។ សម្រាប់ចម្ងាយបើកបរនៃប្រភេទ Hybrid គឺអាចជិះបានដល់ចម្ងាយ ៧០០គីឡូម៉ែត្រ ពេលមានថាមពលពេញ ខណៈដែលប្រភេទអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រ។
រថយន្ត Voyah Dreamer បានកំណត់តម្លៃលក់ចាប់ពីប្រមាណ ៥៩ ៧០០ដុល្លារ ដល់ ៧៥ ៤០០ដុល្លារ សម្រាប់ប្រភេទ៧កៅអីអង្គុយ ខណៈដែលប្រភេទ៤កៅអីអង្គុយដែលផ្ដល់ជូនប្រណីតភាពក្នុងកម្រិតដូចជារថយន្ត Maybach នោះ គឺមានតម្លៃចាប់ពីប្រមាណ ៩៤ ២៥០ដុល្លារ ដោយរថយន្តវ៉ែននេះនឹងចាប់ផ្ដើមដឹកជញ្ជូននៅខែកក្កដា ឆ្នាំ២០២២៕