ឡានអគ្គិសនីកៅអីបីជួរ Kia EV9 អាចលក់តម្លៃខ្ទង់៥ម៉ឺនដុល្លារ លើទីផ្សារអាមេរិក

[ទីផ្សារបរទេស] កាលពីខែវិច្ឆិកាឆ្នាំកន្លងទៅ Kia បានបង្ហាញចេញរថយន្ត EV9 Concept SUV នៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Los Angeles Auto Show ហើយក្នុងខែមីនាឆ្នាំនេះក្រុមហ៊ុនបានបញ្ជាក់ថារថយន្តនេះនឹងត្រូវផលិតលក់លើទីផ្សារក្នុងឆ្នាំ២០២៣ ដោយពេលនោះមិនបានបញ្ជាក់ពីការលក់នៅអាមេរិកនៅឡើយទេ។

ពេលនេះដែរ ផ្អែកតាមការចុះផ្សាយរបស់ Motor Authority បានឲ្យដឹងពីការបញ្ជាក់របស់ Kia ថានៅលើទីផ្សារសហរដ្ឋអាមេរិក នឹងមានរថយន្ត EV9 ដាក់លក់នៅឆ្នាំ២០២៣ដូចគ្នា ហើយ Kia ក៏បានលួចបង្ហើបអំពីតម្លៃពេលចេញលក់ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នាយកផ្នែកប្រតិបត្តិ Kia America បានឲ្យតម្រុយដោយនិយាយថា Kia EV9 អាចនឹងមានតម្លៃថ្លៃជាងរថយន្ត Telluride ដែលតម្លៃរបស់ Kia EV9 និង Telluride អាចនឹងស្ថិតនៅកម្រិតខុសគ្នាស្រដៀងនឹងរថយន្ត Sportage និងរថយន្ត EV6 ដែរ។ នេះអាចមានន័យថា Kia EV9 មានតម្លៃថ្លៃជាង Telluride ខ្ទង់ ១៥ ០០០ដុល្លារ ធ្វើឲ្យ EV9 មានតម្លៃលក់ក្បែរ ៥ម៉ឺនដុល្លារ។

គួរដឹងថារថយន្ត EV9 បានទាក់ទាញចំណាប់អារម្មណ៍បណ្ដាសារព័ត៌មាន និងអ្នកនិយមចូលចិត្តរថយន្ត ដោយសារតែរូបរាងដ៏ប្លែកភ្នែករបស់វា។ Concept នៃរថយន្ត EV9 នេះអាចបើកបរបានចម្ងាយប្រមាណ ៤៨០គីឡូម៉ែត្រ អាចស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេល ៥វិនាទី និងអាចសាកភ្លើងឡើងដល់ ៨០% ក្នុងពេល៣០នាទី។

Kia EV9 នឹងជាផ្នែកមួយនៃផែនការរបស់ Kia ក្នុងការប្រកាសចេញរថយន្តអគ្គិសនីសុទ្ធឲ្យបាន១៤ម៉ូដែលលើទូទាំងពិភពលោក​នៅ​ត្រឹម​ឆ្នាំ​២០២៧។ ដើម្បីសម្រេចគោលដៅនេះ Kia សង្ឃឹមថានឹងអាចប្រកាសចេញរថយន្តថ្មីបានចំនួនពីរម៉ូដែលក្នុងមួយឆ្នាំ ចាប់​ផ្ដើម​ពី​ឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម