ឡានអគ្គិសនីចិនថ្មី ដេញជើង Tesla Model 3 លក់តម្លៃចាប់ពីជាង ២ម៉ឺនដុល្លារ

ក្រុមហ៊ុនរថយន្តអគ្គិសនីចិន XPeng ទើបបង្ហាញចេញតម្លៃលក់របស់រថយន្តអគ្គិសនី P5 ប្រភេទ Sedan ដែលនឹងមានតម្លៃធូរថ្លៃបំផុតគឺចាប់ពីប្រមាណ ២៤ ៦៦៥ដុល្លារឡើងទៅ នៅលើទីផ្សារប្រទេសចិន។

ក្រុមហ៊ុន XPeng ថារថយន្ត P5 នឹងមានចេញលក់ជាមួយជម្រើស៥ប្រភេទ ដែលមានតម្លៃចាប់ពីប្រមាណ ២៤ ៦៦៥ដុល្លារ រហូតដល់ថ្លៃបំផុតគឺប្រមាណ ៣៥ ៤៥៧ដុល្លារ ជាតម្លៃក្រោយគិតគូរប្រាក់លើកទឹកចិត្តពីរដ្ឋាភិបាលរួច។ ក្នុងនោះដែរ នឹងមានចំនួន៤ប្រភេទ មានបំពាក់នូវបច្ចេកវិទ្យាទំនើប LiDAR ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថាក្នុងទីផ្សាររថយន្តអគ្គិសនីសកលលោកនៅឆ្នាំ២០២០ ប្រទេសចិនបានកាន់កាប់ចំណែក ៤៥,៣% (ប្រមាណ ១,២លានគ្រឿង) ដែលគេរំពឹងថាតួលេខនេះនឹងកើនឡើង ៣៤% ជារៀងរាល់ឆ្នាំ រហូតដល់ចំនួន ៤,២លានគ្រឿង នៅឆ្នាំ២០២៥។

សម្រាប់ក្រុមហ៊ុន XPeng បានលក់រថយន្តចំនួន ២៩គ្រឿង នៅឆ្នាំ២០១៨ ដែលជាឆ្នាំផលិតដំបូង ហើយនៅឆ្នាំ២០១៩ អាចលក់បានចំនួន ១២ ៧២៨គ្រឿង និងនៅឆ្នាំ២០២០ អាចលក់បានចំនួន ២៧ ០៤១គ្រឿង។ នៅត្រីមាសដំបូងនៃឆ្នាំ២០២១នេះ ក្រុមហ៊ុន XPeng លក់រថយន្តបានសរុប ១៣ ៣៤០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម