ឡានអគ្គិសនីថ្មីរបស់ចិន អាចសាកភ្លើងមិនបាច់ប្រើខ្សែ ហើយជិះបានដល់ ១០០០គីឡូម៉ែត្រ

Zhiji L7 គឺជារថយន្តអគ្គិសនីថ្មីមួយដែលបង្កើតឡើងដោយក្រុមហ៊ុន Zhiji Auto ជាក្រុមហ៊ុនដែលរួមគ្នាបង្កើតឡើងរវាងក្រុមហ៊ុន SAIC, Zhangjiang Hi-Tech និងក្រុមហ៊ុន Alibaba Group ផងដែរ។ រថយន្ត L7 នេះអះអាងថាអាចស្ទុះពី ០-៩៦គ.ម/ម៉ ក្នុងពេលត្រឹម ៣,៩វិនាទី ហើយអាចបើកបរស្វ័យប្រវត្តិ និងសាកភ្លើងដោយឥតប្រើខ្សែទៀតផង។

ដំណឹងអំពីរថយន្ត L7 នេះបានលេចចេញជាលើកដំបូងកាលពីខែមករា នៅពេលដែលក្រុមហ៊ុន Zhiji បង្កើតកម្មវិធីសន្នីសីទនិយាយអំពីរថយន្តថ្មីចំនួនពីរ។ មានការរាយការណ៍ថាក្រុមហ៊ុន Zhiji នឹងចាប់ផ្ដើមបើកទទួលការកុម្ម៉ង់រថយន្តនៅកម្មវិធី Shanghai Auto Show នាសប្ដាហ៍ក្រោយ ជាមួយការដឹកជញ្ជូនជូនអតិថិជនចាប់ផ្ដើមនៅត្រីមាសដំបូងនៃឆ្នាំ ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មុខងារលេចធ្លោបំផុតមួយរបស់រថយន្ត Zhiji L7 គឺជារថយន្តដំបូងគេដែលគាំទ្រការសាកភ្លើងឥតប្រើខ្សែបានកម្លាំង ១១គីឡូវ៉ាត់ដែលមានប្រសិទ្ធភាព ៩១% ហើយការសាកភ្លើង១ម៉ោងអាចជិះបានចម្ងាយដល់ ៨០គីឡូម៉ែត្រ។ រយៈចម្ងាយបើកបសរុបគឺ ៦១៥គីឡូម៉ែត្រសម្រាប់ប្រភេទអាគុយទំហំ ៩៣គីឡូវ៉ាត់ម៉ោង ហើយសម្រាប់ប្រភេទអាគុយ ១១៨គីឡូវ៉ាត់ម៉ោងនឹងអាចឲ្យរថយន្ត Zhijia L7 នេះបើកបរបានដល់ចម្ងាយ ១០០០គីឡូម៉ែត្រផងដែរ។

មកទល់ពេលនេះដំណឹងអំពីរថយន្ត Zhijia L7 នៅមិនទាន់មានច្រើននៅឡើយទេ ប៉ុន្តែរថយន្តនេះនឹងមានបំពាក់ដោយកាមេរ៉ាចំនួន១២គ្រាប់, មានរ៉ាដាចាប់សញ្ញា និងមានបច្ចេកវិទ្យា LiDAR ផងដែរ។ បន្ថែមពីនេះកម្លាំងរបស់វាគឺមានចំនួន ៥៤០សេះ ដែលអាចឲ្យរថយន្តស្ទុះពី ០-៩៦គ.ម/ម៉ក្នុងពេល ៣,៩វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម