Porsche Taycan អាចនិយាយបានថាជារថយន្តអគ្គិសនីដ៏ពេញនិយមមួយ ដោយសារក្រុមហ៊ុន Porsche ដល់ថ្នាក់ខ្ចីបុគ្គលិកពីក្រុមហ៊ុន Audi ដើម្បីមកជួយក្នុងការផលិតរថយន្តនេះ។
នៅពេលដែលរថយន្ត Taycan ចេញលក់ដំបូង ក្រុមហ៊ុនរំពឹងថានឹងផលិតវាត្រឹម ២ម៉ឺនគ្រឿងប៉ុណ្ណោះអំឡុងពេលឆ្នាំដំបូង។ យ៉ាងណាក្ដី ដោយសារតម្រូវការកើនឡើងខ្ពស់ គេបានផ្លាស់ប្ដូរគោលដៅដល់ ៤ម៉ឺនគ្រឿងក្នុងមួយឆ្នាំវិញ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Automobilwoche អ្នកនាំពាក្យ Audi បានបញ្ជាក់ថាបុគ្គលិកចំនួន ៤០០នាក់ មកពីរោងចក្រក្នុងទីក្រុង Neckarsulm របស់ខ្លួន នឹងចាប់ផ្ដើមធ្វើការនៅរោងចក្រក្នុងតំបន់ Zuffenhausen របស់ Porsche ដើម្បីជួយការផលិតរថយន្ត Taycan។
Porsche នឹងបន្តធ្វើឲ្យតម្រូវការរថយន្ត Taycan កើនឡើងខ្លាំង តាមរយៈការប្រកាសចេញរថយន្ត Taycan ប្រភេទ Cross Turismo។ រថយន្តប្រភេទនេះដើមឡើងបានកំណត់ថានឹងចេញលក់ឆ្នាំនេះ ប៉ុន្តែវាបានពន្យារពេលដល់ដើមឆ្នាំ ២០២១ វិញ៕