ឡានអគ្គិសនីសុទ្ធរបស់ Honda សាកភ្លើងពេញម្តងជិះបានជិត ៥០០ គីឡូម៉ែត្រ ឯតម្លៃចាប់ពី ៤ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Honda Prologue ស៊េរីឆ្នាំ ២០២៤ ប្រភេទ Crossover អគ្គិសនីសុទ្ធដំបូងគេរបស់ Honda ដែលមានតម្លៃលក់ចាប់ពី ៤០ ០០០ ដុល្លារឡើងទៅ នៅទីផ្សារសហរដ្ឋអាមេរិក ។

Honda Prologue ស៊េរីឆ្នាំ ២០២៤ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Ultium Platform និងប្រើអាគុយរបស់ក្រុមហ៊ុន GM ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ផ្គួបជាមួយអាគុយទំហំ ៨៥ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបានសរុប ២៩៩ សេះ និងកម្លាំងរមួល ៤៥១ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៤៨២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងគាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC ដោយសាកថ្មត្រឹម ១០ នាទី អាចបើកបរបាន ១០៥ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៧៧ ម.ម ទទឹង ១ ៩៨៩ ម.ម កំពស់ ១ ៦៤៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០៩៤ ម.ម ។ សម្រាប់ការរចនានៅផ្នែកក្រៅ ត្រូវបានក្រុមអ្នកឌីស្សាញ Honda Design Studio នៅសហរដ្ឋអាមរិក សហការជាមួយក្រុមរចនានៅប្រទេសជប៉ុន ដែលមានលក្ខណៈបែបស្ព័រ ដោយបានបំពាក់ប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងបំពាក់ថាសកង់ស្ព័រទំហំ ១៩ អ៉ីញ និង ២១ អ៉ីញ និងទ្វាក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅតាប្លូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១១,៣ អ៉ីញ ភ្ជាប់ដោយប្រព័ន្ធ Google build-in អាចប្រើប្រាស់ប្រព័ន្ធ Google Assistant , Google Maps និង Google Play store ផងដែរ ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ ២ តំបន់ ដំបូលកញ្ចក់ Panoramic sunroof និងឧបករណ៍បំពងសំលេងម៉ាក Bose ១២ ចំនុច ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម