ឡានអគ្គិសនីសុទ្ធ Genesis GV60 ចេញលក់នៅចក្រភពអង់គ្លេស​​ ជាមួយតម្លៃចាប់ពីខ្ទង់ ៦មុឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្ត Genesis បានធ្វើការដាក់បង្ហាញចេញនៅរថយន្តសុទ្ធ GV60 ប្រភេទ Crossover នឹងចេញលក់មាន៣ម៉ូដែលគឺ  Premium, Sport និង Sport Plus និងចាប់ផ្តើមដាក់លក់និងដឹកជញ្ជូនចាប់ពីទី ៦ ខែឧសភា ឆ្នាំ ២០២២ នេះតទៅ ក្នុងទីផ្សារចក្រភពអង់គ្លេស។

ចំពោះម៉ូដែល Premium មានតម្លៃចាប់ផ្តើមពី ៥៨ ០៨៧ ដុល្លារ ហើយត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួនមួយដែលផ្តល់ថាមពលដល់កង់ក្រោយ ផលិតកម្លាំងបាន ២២៦ សេះ អាចបើកបរបានចម្ងាយ ៥១៧ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ម៉ូដែល GV60 Sport មានតម្លៃចាប់ផ្តើមពី ៦៦ ២៤៣ ដុល្លារ និងមានម៉ូទ័រអគ្គិសនីចំនួនពីរ​ ដោយម៉ូទ័រខាងក្រោយមានកម្លាំង ២១៤ សេះ និងម៉ូទ័រខាងមុខមានកម្លាំង ៩៩ សេះ អាចបើកបរបានចម្ងាយប្រហែល ៤៧០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

ចុងក្រោយគឺ GV60 Sport Plus ដែលមានតម្លៃចាប់ពី ៧៩ ៥៩០ ដុល្លារ និងបំពាក់ដោយម៉ូទ័រអេឡិចត្រិចពីរដែលជាធម្មតាផលិតបាន ៤២៩ សេះ ប៉ុន្តែអាចផ្តល់កម្លាំង ៤៨២​ សេះ សម្រាប់ម៉ូដែលនេះអាចបើកបរបាន ៤៦៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

ដោយម៉ូដែលទាំងបីនៃ Genesis GV60 ដែលមាននៅក្នុងចក្រភពអង់គ្លេសគាំទ្រការសាកថ្ម ៣៥០ គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឲ្យថ្មពី ១០% ទៅ ៨០%ក្នុងរយៈពេលត្រឹមតែ ១៨ នាទីប៉ុណ្ណោះ។

បន្ថែមពីនេះ ក៏មានកញ្ចប់ជម្រើសមួយចំនួនមានសម្រាប់អ្នកទិញជនជាតិអង់គ្លេស ទាំងនេះរួមមាន Innovation Pack តម្លៃ ២ ៥៥៨ ដុល្លារ, Comfort Seat Pack ៣ ៤៤៧ ដុល្លារ,​ កញ្ចប់ 2nd Row Comfort Seat pack ៧៤១ ដុល្លារ, កញ្ចប់ពូកស្បែក Nappa Leather Package ២ ៨៥៤ ដុល្លារ, កញ្ចប់ Outdoor pack ១ ០៨៧ ដុល្លារ, ដំបូលកញ្ចក់ sunroof ១ ៣៨៤ ដុល្លារ, ប្រព័ន្ថ Bang & Olufsen Audio System ១ ២២៣ ដុល្លារ និង ១ ៥៣២ ដុល្លារ សម្រាប់កាមេរ៉ាជំនួសកញ្ចក់ស្តង់ដារ។

ជាមួយគ្នានេះ នាយកគ្រប់គ្រងក្រុមហ៊ុន Genesis Motor Europe លោក Dominique Boesch បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “GV60 តំណាងឲ្យព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរនៃការផ្គត់ផ្គង់អគ្គិសនីរបស់យើង ដោយរួមបញ្ចូលគ្នានៅការបើកបរដ៏ប្រណិត និងបច្ចេកវិជ្ជាដើម្បីផ្តល់ឲ្យអតិថិជននៅរថយន្តអគ្គិសនីជំនាន់ថ្មីនៅបទពិសោធន៍ប្រើប្រាស់អគ្គិសនីដោយគ្មានការសម្របសម្រួល។ នេះ​ជា​ម៉ូដែល​អគ្គិសនី​ដំបូង​គេ​ក្នុង​ចំណោម​ម៉ូដែល​អគ្គិសនី​បី​ដែល​ចេញ​លក់​នៅ​ឆ្នាំ​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម