ឡានអគ្គិសនីសុទ្ធ Honda e:NP1 សាកថ្មម្តងជិះបាន ៥១០គីឡូម៉ែត្រ ជាមួយតម្លៃខ្ទង់ ៣មុឺនដុល្លារជាង ក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Honda e:NP1 ប្រភេទ SUV បានបង្ហាញតម្លៃលក់ជាផ្លូវការដោយមាន ៤ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយនឹងតំលៃចាប់ពី ២៦ ១៧០ ដុល្លារ ដល់ ៣២ ៦០១ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

Honda e:NP1 គឺជារថយន្តអគ្គិសនីសុទ្ធ ដែលត្រូវបានផលិតឡើងលើគ្រោងឆ្អឹង Architecture F platform សម្រាប់តែរថយន្តអគ្គិសនីប៉ុណ្ណោះ។  សម្រាប់ការរចនាគឺខុសគ្នាបន្តិចបន្តួចពី e:NS1 ដូចជាប៉ាណាមុខដែលតុបតែងដោយពណ៌ខ្មៅ កាងខាងមុខតុបតែងដោយក្រូម៉េ។ បន្ដែមពីនេះ កាងខាងមុខ-ខាងក្រោយ ហើយ​ផ្នែក​ទ្វារ​ចំហៀង​និង​កង់​មាន​ពណ៌​ដូច​តួ​រថយន្ត រួម​ទាំង​ពណ៌​តួ​ខ្លួន​ពីរ​ពណ៌​ជាមួយ​ដំបូល​ពណ៌​ខ្មៅ​សម្រាប់​ជ្រើសរើសផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានបំពាក់ដោយគ្រឿងបរិក្ខាទំនើបៗជាច្រើនដូចជា កុងទ័រព័ត៌មានទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,១ អ៊ីញ ភ្ជាប់ប្រព័ន្ធ Honda CONNECT 3.0 Pure Electric Edition។ មិនតែប៉ណ្ណោះ បានថែមនៅប្រព័ន្ធសុវត្ថិភាព Honda SENSING Safety Super Sense ដំបូលកញ្ចក់ការពារកំដៅ ប្រព័ន្ធម៉ាស៊ីនត្រជាក់ដាច់ដោយឡែក ប្រព័ន្ធសោរ Digital Key តាមរយៈស្មាតហ្វូន និងឧបករណ៍បំពងសំឡេងម៉ាក BOSE ជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនីសុទ្ធ Honda e:NP1 បំពាក់ជាមួយនឹងម៉ូទ័រអគ្គិសនីសម្រាប់ជ្រើសរើសជាពីរប្រភេទរួមមាន៖ កម្លាំង ១៨២ សេះ និងកម្លាំងរមួល ៣១០​ ញ៉ូតុនម៉ែត្រ ជាមួយអាគុយទំហំ ៥៣,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ៤២០ គីឡូម៉ែត្រ។ ខណៈម៉ូទ័រអគ្គិសនីមានកម្លាំង ២០៤ សេះនិងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ជាមួយអាគុយទំហំដល់ ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរប្រហែល ៥១០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

Honda បញ្ជាក់ថា e:NP1 ទាំង២ប្រភេទនេះ អាចបង្កើនល្បឿនពី ០-៥០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៣,៧ វិនាទី និងល្បឿនអតិបរមា ១៥០គីឡូម៉ែត្រ/ម៉ោង គាំទ្រមុខងារសាកថ្មលឿនពី ៣០-៨០% ក្នុងរយៈពេលប្រហែល ៤០ នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម