[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានជ្រើសរើសយកពិរព័ណ៌រថយន្ត Chengdu Motor Show ក្នុងប្រទេសចិន ដើម្បីដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Kia EV5 ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV អគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ដែលរំពឹងថាចាប់ពី ២២ ២១៩ ដុល្លារ ដល់ ៣១ ៩៧៧ ដុល្លារក្នុងទីផ្សារមួយនេះ ។
រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឺង E-GMP platform មានលក្ខណៈស្រដៀងទៅនឹងរថយន្ត Kia EV9 ជាមួយប្រវែងសរុប ៤ ៦១៥ ម.ម ទទឹង ១ ៨៧៥ ម.ម កំពស់ ១ ៧១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ។ ដោយនៅផ្នែកខាងមុខឌីស្សាញឡើងបែប digital tiger-face ជាមួយចង្កៀងលាតសន្ទឹកពេញផ្ទៃខាងមុខ ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED រាងស្លីមជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ត្រូវបានយកការឌីស្សាញមួយចំនួនចេញពីរថយន្ត Kia EV9 ព្រមតាំងបន្ថែមនៅទំហំឲ្យធំទូលាយ ដែលផ្តោតទៅលើភាពទំនើប ដោយនៅលើតាប្លូមានអេក្រង់ភ្លោះទំហំធំ។ លើសពីនេះ Kia និយាយថា ខ្លួនបានប្រើប្រាស់សម្ភារៈដែលមិនប៉ះពាល់ដល់បរិស្ថានជាច្រើនប្រភេទដែលបានកែច្នៃនៅលើកៅអី ទ្វារ ផ្ទាំងគ្រប់គ្រង និងពិដានជាដើម។ ខណៈដំបូលកញ្ចក់នៃរថយន្តនេះក៏ត្រូវបានបង្កប់ជាមួយនឹងបន្ទះស្រូបពន្លឺព្រះអាទិត្យផងដែរ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២១៥ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយរបស់ BYD ខណៈចម្ងាយនៃការបើកបរមិនទាន់បង្ហាញនៅឡើយទេ ៕