[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lotus បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Lotus Emeya ម៉ូដែលឆ្នាំ ២០២៥ ប្រភេទ sedan ទ្វារ ៤ របស់ខ្លួនជាលើកដំបូង ជាមួយកម្លាំងខ្លាំងបំផុត គ្រោងនឹងចេញលក់នៅឆ្នាំ ២០២៤ ។
ដោយរថយន្តនេះ ផលិតឡើងផ្អែកនៅលើគ្រោងឆ្អឹង Electric Premium Architecture ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៩០៥ សេះ និងកម្លាំងរមួល ៩៨៥ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ 0-១០០ គីឡូម៉ែត្រប្រើរយៈពេល ២,៧៨ វិនាទី ផ្គួបជាមួយអាគុយទំហំ ១០២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រគាំទ្រដោយឆ្នាំងសាកល្បឿនលឿនកម្លាំង ៣៥០ គីឡូវ៉ាត់ អាចសាកពី ០-៨០% ត្រឹមរយៈពេល ១៨ នាទីប៉ុណ្ណោះ ។
ការរចនាផ្នែកខាងមុខគឺផ្អែកលើ DNA របស់រថយន្តអគ្គិសនី Lotus Eletre ប្រើប្រាស់ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំធំជាដើម ។ លើសពីនេះ បំពាក់ sensor ចំនួន ២៤ ចំនុច និង ultrasonic ចំនួន ១២ ព្រមទាំងកាម៉រាមួយជុំរថយន្តដល់ ១១ ចំនុចជាដើម ។ ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់បង្ហាញព័ត៌មាន touchscreen ទំហំ ១៥,១ អ៉ីញ ជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ ផ្នែកខាងក្នុងក៏ត្រូវបានតុបតែងជាមួយពូកស្បែកដ៏ប្រណិត និងកាប៊ូនហ្វាយបឺជាដើម។
បន្ថែមពីនេះ Lotus Emeya បំពាក់ជាមួយប្រព័ន្ធគ្រប់គ្រង់ប៉ូមដោយថាមពលអេឡិចត្រូនិច electronically control air suspension និងសេនស័រកម្រិតខ្ពស់ដែលអាចចាប់សញ្ញានៅផ្លូវបាន ១០០០ ដងក្នុងរយៈពេល ១ វិនាទី៕