[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mini បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Mini Countryman ស៊េរីថ្មីចុងក្រោយនៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៤៥ ២០០ ដុល្លារ ខណៈ Tesla Model Y ស៊េរីថ្មីចុងក្រោយមានតម្លៃ ៤៧ ៩៩០ ដុល្លារ ។
Mini Countryman បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣០៨ សេះ និងកម្លាំងរមួល ៤៩៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ រួមទាំងអាគុយទំហំ ៦៦,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៤១ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿនប្រើរយៈពេល ៣០នាទី បានពី ១០-៨០% ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៤៣៣ ម.ម ទទឹង ១ ៨៤៣ ម.ម កំពស់ ១ ៦៥៦ ម.ម ដោយផ្នែកខាងក្រៅមានបំពាក់ចង្កៀងមុខ-ក្រោយ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញ ក៏ដូចជាដំបូល roof-rack និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។
ចំពោះនៅផ្នែកខាងក្នុងមានភ្ជាប់មកជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ៩,៤ អ៉ីញរាងមូល ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងម៉ាក Harman Kardon និងដំបូលកញ្ចក់ sunroof ជាដើម ៕