[ទីផ្សារបរទេស] កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការបើកការលក់មុនរបស់រថយន្ត BYD Seal នៅក្នុងប្រទេសចិន ក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃ ចំនួននៃការបញ្ជាទិញមុនបានឈានដល់ ៥០ ០០០ គ្រឿង។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តនៃម៉ាកយីហោ BYD ហើយគឺជាភាពជោគជ័យនៃត្រកូលរថយន្តអគ្គិសនី Seal ។
គួរឲ្យដឹងថា រថយន្តអគ្គិសនី BYD Seal បានបង្ហាញខ្លួនជាលើកដំបូងក្នុងពិព័រណ៍រថយន្ត Guangdong-Hong Kong-Macao Greater Bay Area Auto Show 2022 ជាមួយនឹងតម្លៃលក់មុន ៣១ ៩៩៨ ដុល្លារ ដល់ ៤៣ ៥៧៦ ដុល្លារ ។
រថយន្តអគ្កិសនី BYD Seal ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 CTB battery technology រថយន្តថ្មីនេះទទួលយកគំនិតរចនានៃរថយន្ត Ocean-X concept car ដែលខុសពីផលិតផលស៊េរី Dynasty ទាំងស្រុង។ ចំពោះការរចនាផ្នែកក្រៅខាងមុខ និងខាងក្រោយមានលក្ខណៈស្ព័រ និងទាន់សម័យ ដោយមានចង្កៀង LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ថាសកង់ស្ព័រទំហំ ១៨ – ១៩ អ៊ីញជាដើម ។
រីឯផ្នែកខាងក្នុងនៃរថយន្ត ត្រូវបានរចនាឡើងយ៉ាងទំនើប និងផាសុកភាព ដោយបានបំពាក់ជាមួយដៃចង្កូតរូបរាងថ្មី ភ្ជាប់ដោយប្រព័ន្ធ Dilink ecosystem, កុងទ័រព័ត៌មានប្រភេទLCD ទំហំ ១០,២៥ អ៊ីញ, អេក្រង់កំសាន្តទំហំ ១៥,៦ អ៊ីញដែលអាចបង្វិលបាន ដែលគាំទ្រការភ្ជាប់បណ្តាញ 5G និងឧបករណ៍បំពងសំឡេង Dynaudio ចំនួន ១២ចំនុច។
រថយន្តអគ្គិសនី BYD Seal មានជម្រើសថាមពលម៉ាស៊ីនជា ៣ ប្រភេទ៖
- ម៉ូទ័រអគ្គិសនីមួយផលិតបានកម្លាំង ២០១ សេះ កម្លាំងរមួល ៣១០ ញូតុនម៉ែត្រ អាគុយទំហំ ៦១គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។
- ម៉ូទ័រអគ្គិសនីចំនួនពីរមានកម្លាំង ៥២២ សេះ កម្លាំងរមួល ៦៧០ ញូតុនម៉ែត្រ ប៉ុង២ អាគុយទំហំ ៨២,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។
- ម៉ូទ័រអេគ្គិសនីមួយ ផលិតកម្លាំងបាន ៣០៨ សេះ កម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ប៉ុង២ អាគុយទំហំ ៨២,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានបានចម្ងាយ ៧០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រមុខងារសាកថ្មល្បឿលឿនពី ៣០% ដល់ ៨០% ត្រឹមរយៈពេល ៣០នាទីប៉ុណ្ណោះ៕