ឡានអគ្គិសនី Coupe ថ្មីរបស់អាមេរិក មានផលិតត្រឹម ៨៨គ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តអាមេរិក DeLorean បានវិលត្រឡប់ជាថ្មីជាមួយរថយន្តអគ្គិសនីម៉ូដែល Alpha5 ដែលជា​ប្រភេទរថយន្ត Coupe ចូលមកប្រកួតប្រជែងនឹងរថយន្ត Porsche Taycan។

រថយន្តអគ្គិសនីនេះមានប្រើប្រាស់ទ្វារពិសេសប្រភេទបើកឡើងលើ ដែលជារចនាបថរបស់ក្រុមហ៊ុនអ៉ីតាលី Italdesign ដោយរថយន្ត​នេះ​មាន​រចនាបថពីរពណ៌ ដែលមើលទៅទាក់ភ្នែកជាទីបំផុត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយសារជារថយន្តអគ្គិសនី ហេតុនេះហើយវាមានបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើននៅផ្នែកខាងក្នុង មានដូចជាកុងទ័រ​ប្រភេទ​ឌីជីថល និងការផ្លាស់ប្ដូរពីប្រើប៊ូតុងគ្រាប់ចុចដើម្បីបញ្ជាមុខងារផ្សេងៗ មកប្រើប្រាស់ជាអេក្រង់ Touch ជំនួសវិញ។

ក្រុមហ៊ុន DeLorean មិនបាននិយាយលម្អិតអំពីកម្លាំងរបស់រថយន្តអគ្គិសនីនេះនៅឡើយទេ ប៉ុន្តែបាននិយាយថា Alpha5 ប្រើ​ពេល​ត្រឹម ៣,៤វិនាទី ក្នុងការស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ និងល្បឿនអតិបរមាកំណត់ត្រឹម ២៤១គ.ម/ម៉។ វា​មាន​អាគុយចំណុះ ១០០kWh ដែលអាចបើកបរបានលើសពី ៤៨០គីឡូម៉ែត្រផងដែរ។

រថយន្ត Alpha5 នឹងមានផលិតត្រឹម ៨៨គ្រឿងប៉ុណ្ណោះ ដោយឆាប់ៗខាងមុខវានឹងមានជាប្រភេទដែលប្រើម៉ាស៊ីនសាំង៨ស៊ីឡាំង។ រថយន្តនេះដែរនឹងបង្ហាញវត្តមានជាសាធារណៈនៅក្នុងខែសីហា នៅកម្មវិធី Pebble Beach ហើយនឹងចូលរោងចក្រផលិតនៅ​ក្នុង​ឆ្នាំ២០២៤ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម