Kia បញ្ចេញឡានអគ្គិសនី EV ម៉ូដែលថ្មី សាកថ្មម្តងជិះបានជិត ៥០០ គីឡូម៉ែត្រ តម្លៃខ្ទង់ ២ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្តប្រើថាមពលអគ្គីសនីសុទ្ធ EV ម៉ូដែលថ្មី សម្រាប់នៅទីផ្សារប្រទេសឥណ្ឌាដែលមានឈ្មោះថា Kia Carens Clavis EV ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ២០ ៩២៥ ដុល្លារ ដល់ ២៩ ០៦៥ ដុល្លារ ។

រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ១៧១ សេះ និងកម្លាំងរមួល ២៥៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥១,៤ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៤៩០ គីឡូម៉ែត្រ អាចសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ៣៩នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទ Crossover នេះ មានប្រវែងតួខ្លួនសរុប ៤ ៥៥០ ម.ម ទទឹង ១ ៨០០ ម.ម កំពស់ ១ ៧៣០ ម.ម និងប្រវែងគម្លតកង់មុខ-ក្រោយ ២ ៧៨០ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ឃើញមានភាពស្រដៀងម៉ូដែល Kia EV5 ជាមួយចង្កៀងមុខ-ក្រោយ LED ឌីស្សាញរាងស្លីប ប៉ុន្តតែនៅប្រើប្រាស់ដៃទ្វារខុសពីម៉ូដែលប្រើអគ្គីសនីសុទ្ធរបស់ Kia ដ៏ទៃ ។

ចំពោះនៅផ្នែកខាងក្នុង រថយន្តនេះជាប្រភេទកាប៊ីន ៣ជួរ មាន ៦កៅអី ហើយទទួលបានកុងទ័របង្ហាញព៍ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាប្រភេទអេក្រង់ភ្លោះទំហំសរុប ២៤,៦ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាឧបករណ៍បំពងសំឡេងម៉ាក BOSE ភ្លើង Ambient Light ចំនួន ៦៤ ពណ៌ និងដំបូលកញ្ចក់ Panoramic sunroof ជាដើម ។ លើសពីនេះ ក៏ទទួលបានប្រព័ន្ធ ADAS កម្រិតទី ២ ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម