ឡានអគ្គិសនី Honda M-NV សាកថ្មម្តងជិះបាន ៤៨០គីឡូម៉ែត្រ តម្លៃ ២មុឺនដុល្លារជាង នៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng-honda បានធ្វើការដាក់បញ្ចេញរថយន្តអគ្គិសនី Honda M-NV ជាប្រភេទ SUV ដែលផ្នែកលើរថយន្ត Honda HR-V ដោយមានតម្លៃចាប់ពី ២០ ៣២៩ ដុល្លារ ដល់ ២១ ៨៤៥ ដុល្លារ​ សម្រាប់ទីផ្សារប្រទេសចិន។

សម្រាប់រថយន្ត Honda M-NV មានប្រវែងតួខ្លួន ៤,៣២៤ ម.ម ទទឹង ១,៧៨៥ ម.ម កំពស់ ១,៦៣៧ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៦១០ ម.ម។  ដោយផ្នែកខាងក្រៅ មានបំពាក់ជាមួយចង្កៀងមុខប្រភេទ LED បើក-បិទដោយស្វ័យប្រវត្តិ ជាមួយអំពូលបំភ្លឺពេលថ្ងៃ អំពូលកាត់អ័ព្ទ ភ្លើងហ្វ្រាំងប្រភេទ LED, កាងខ្យល់ជាប់កញ្ចក់ខាងក្រោយ ដំបូលបើកបែប Panoramic Sunroof, កន្លែងដាក់ឥវ៉ាន់លើដំបូល ថាសកង់ alloy ទំហំ ១៨ អ៊ីញ សំបកកង់ប្រភេទ 215/55R18 ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងភ្ជាប់មកជាមួយកុងទ័រព័ត៌មានទំហំ ១២,៣ អ៊ីញ អេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៊ីញ កៅអីពូកស្បែក កៅអីអ្នកបើកបរដែលអាចលៃតម្រូវបាន ៦ ទិសដៅ និងកៅអីអ្នកដំណើរខាងមុខបញ្ជាបាន ៤ ទិសដៅ ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ឧបករណ៍បំពងសំឡេង ៦ចំនុច និងកន្លែងសាកថ្មឥតខ្សែជាដើម។

រថយន្តនេះដំណើរដោយម៉ូទ័រអគ្គិសនីចំនួនមួយមានកម្លាំង ១៦០ សេះ និងកម្លាំងរមួល ២៨០ ញ៉ូតុនម៉ែត្រ។ ដោយម៉ូទ័រអគ្គិសនិនេះទទួលបានថាមពលពីកញ្ចប់អាគុយ Lithium-ion  ដោយសាកថ្មមួយពេញអាចបើកបរបានចំងាយ ៤៨០ គីឡូម៉ែត្រ។ ហើយសាកថ្មក្នុងកម្រិតចាប់ពី ៣០-៨០% ប្រើប្រាស់ពេល ៣០នាទី សម្រាប់ដុំសាកថ្ម DC Fast Charge ឬ ដុំសាកថ្មល្បឿនយឺត AC សាកថ្មក្នុងកម្រិតចាប់ពី ៥-១០០% ប្រើប្រាស់ពេល ១០ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម