ឡានអគ្គិសនី Hyundai Kona Electric ឆ្នាំ២០២១ ថ្មី ចេញតម្លៃលក់ជាផ្លូវការ

ក្រុមហ៊ុន Hyundai ទើបតែបានប្រកាសពីតម្លៃ និងលក្ខណៈពិសេសលម្អិត អំពីរថយន្តអគ្គិសនី Kona Electric ស៊េរីឆ្នាំ២០២១ ថ្មី សម្រាប់ទីផ្សារប្រទេសអង់គ្លេស។

រថយន្ត Hyundai Kona Electric ឆ្នាំ២០២១ ផ្តល់ជម្រើសចំនួន ៣ ម៉ូដែល គឺ SE Connect, Premium និង Ultimate ជាមួយនឹងតម្លៃចាប់ពី ៤៦ ២០០ដុល្លារ, ៤៨ ១០០ដុល្លារ និង ៥៦ ៣០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kona Electric SE Connect មានបំពាក់អេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ, កុងទ័រឌីជីថល ១០,២៥អ៊ីញ, មុខងារ Apple CarPlay និង Android Auto, កាមេរ៉ាមើលក្រោយ និងសេនស័រចូលចត, Smart Key និង មុខងារ Smart Adaptive Cruise Control ជាដើម។ វាបំពាក់ម៉ូទ័រអគ្គិសនីមួយ និងអាគុយទំហំ ៣៩,២គីឡូវ៉ាត់ម៉ោង ដែលបង្កើតកម្លាំងបានសរុប ១៣៤សេះ និងអាចឲ្យវាបើកបរបានចម្ងាយ ៣០០គីឡូម៉ែត្រ។

រីឯ Kona Electric Premium វិញ មានបន្ថែមចង្កៀងមុខ LED, ចង្កៀងក្រោយ LED, កញ្ចក់ចំហៀងក្តោបអូតូ, ផ្លិតទឹកអូតូ, មុខងារ Blind Spot Collision Avoidance Assist និង Rear Cross Traffic Assist, កៅអីមុខមានមុខងារកម្តៅ, ដៃចង្កូតមានមុខងារកម្តៅ, ប្រព័ន្ធភ្លើងក្នុងកាប៊ីន Ambient Lighting និង កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែផងដែរ។ ក្រៅពីនោះ វាក៏ផ្តល់ជម្រើសកម្លាំងខ្លាំងជាង ដល់ ២០១សេះ និងចម្ងាយបើកបរដល់ ៤៨០គីឡូម៉ែត្រឯណោះ។

ដោយឡែក Kona Electric Ultimate វិញ នឹងបន្ថែមលក្ខណៈពិសេសមួយចំនួនទៀត ដូចជា ដំបូល Electric Sunroof, ពូកស្បែក, កៅអីខាងមុខមានមុខងារបញ្ចេញខ្យល់ត្រជាក់, កៅអីខាងក្រោយមានមុខងារកម្តៅ និងមុខងារ Highway Drive Assist ព្រមទាំងម៉ូទ័រអគ្គិសនី និងកញ្ចប់អាគុយ ដែលមានកម្លាំងខ្លាំងជាងទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម