ឡានអគ្គិសនី Jaguar I-Pace ឆ្នាំ ២០២១ ចេញជាផ្លូវការ មានមុខមាត់ថ្មី បច្ចេកវិទ្យាច្រើនជាងមុន

រថយន្ត​ Jaguar I-Pace ស៊េរី​ថ្មី​ឆ្នាំ ២០២១ បាន​បង្ហាញ​មុខ​មាត់​ជា​ផ្លូវ​ការ​ ដែល​មាន​បន្ថែម​នូវ​មុខងារ​​បច្ចេកវិទ្យា​ច្រើន​ជាង​មុន និង​មាន​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​ផង​ដែរ។

រថយន្ត​ SUV អគ្គិសនី​ដែល​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៨០ ៩៦៧ដុល្លារ នៅ​ចក្រភព​អង់គ្លេស មាន​បន្ថែម​នូវ​ប្រព័ន្ធ​កម្សាន្ត​ថ្មី​ឈ្មោះ​ថា​ Pivi Pro ដែល​មាន​ការ​រៀប​រាប់​ថា​វា​អាច​ប្រើ​ប្រាស់​បាន​ដូច​ជា​ស្មាតហ្វូន មាន​ផ្ដល់​ការ​បញ្ជា​សម្រាប់​មុខងារ​ជា​ច្រើន មាន​បង្ហាញ​លើ​អេក្រង់​ Touchscreen ទំហំ ១០អ៊ីញ និង​មាន​ចូល​រួម​ដោយ​អេក្រង់​ផ្នែក​ខាង​ក្រោម​ទំហំ ៥អ៊ីញ ហើយ​មាន​កុងទ័រ​ឌីជីថល​ទំហំ ១២,៣អ៊ីញ​ទៀត​ផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​នេះ​អាច​មាន​ Option សម្រាប់​បន្ថែម​កន្លែង​សាក​ថ្ម​​ទូរសព្ទឥ​ត​ប្រើ​ខ្សែ​នៅ​ផ្នែក​កណ្ដាល​ផង​ដែរ។ វា​ក៏​មាន​នូវ​ Option ឈ្មោះ​ថា Smartphone Pack ដែល​នាំ​មក​​ជា​មួយ​ការ​គាំទ្រ​មុខងារ Apple CarPlay, Android Auto និង Bluetooth ដែល​អាច​ភ្ជាប់​ជា​មួយ​ទូរសព្ទ​ពីរ​ក្នុង​ពេល​តែ​មួយ ហើយ​វា​មាន​បង្កប់​ដោយ​​ស៊ីម​កាត​សម្រាប់​ប្រើ​អ៊ីនធឺណិត 4G បាន​ទៀត​ផង។

រថយន្ត I-Pace ឆ្នាំ ២០២១ នេះ​ មាន​បំពាក់​មក​ជា​មួយ​នូវ​ឆ្នាំង​សាក​កម្លាំង ១១kW ដែល​អាច​ជិះ​បាន​ចម្ងាយ ៥៣គ.ម ពេល​សាក​មួយ​ម៉ោង​។ ការ​សាក​ភ្លើង​ឲ្យ​ពេញ​ចំណាយ​ពេល ៨,៦ម៉ោង ​ដោយ​ប្រើ​ឆ្នាំង​សាក ១១kW។ បើ​មាន​ឆ្នាំង​សាក ៥០kW អាច​ជិះ​បាន​ចម្ងាយ ៦៣គ.ម ពេល​សាក​ត្រឹម ១៥នាទី ឬ​ជិះ​បាន​ចម្ងាយ ១២៦គ.ម បើ​ប្រើ​ឆ្នាំង​សាក ១០០kW។

Jaguar I-Pace នេះ​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ពីរ​ដែល​ផលិត​កម្លាំង​បាន​សរុប ៣៩៤សេះ ហើយ​អាគុយ​ ៩០kWh របស់​វា​អាច​ជិះ​បាន​ចម្ងាយ ៤៧០គ.ម ពេល​សាក​ភ្លើង​ពេញ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម