កាលពីខែមីនា កន្លងទៅក្រុមហ៊ុន Kia បានធ្វើការបង្ហាញចេញនូវរូបរាងនៃរថយន្តអគ្គិសនី Kia EV6 ប្រភេទ Crossover ជាផ្លូវការ ជាមួយការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនកូរ៉េខាងត្បូង ដោយទទួលបានការកត់នៅថ្ងៃដំបូង បានរហូតដល់ជាង ២ម៉ឺនគ្រឿង។
នាពេលនេះ រថយន្ត Crossover អគ្គិសនី គ្រោងនឹងបង្ហាញវត្តមាននៅលើទីផ្សារសហរដ្ឋអាមេរិច នាដើមឆ្នាំ ២០២២ ជាមួយការចាប់ផ្តើមទទួលការកក់ម៉ូដែលប្រភេទ First Edition នៅថ្ងៃទី ៣ ខែមិថុនានេះ។
សម្រាប់ម៉ូដែលប្រភេទពិសេស First Edition ត្រូវបានកំណត់ត្រឹមចំនួន ១ ៥០០គ្រឿងប៉ុណ្ណោះ ហើយនឹងបំពាក់ជាមួយកញ្ចប់អាគុយទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង ផ្ទួបជាមួយ ម៉ូទ័រអគ្គិសនីចំនួនពីរ ដែលផលិតកម្លាំងបាន ៣១៣សេះ នឹងអាចបើកបរបានចម្ងាយ ៣០០ម៉ាយល៍ ឬ ៤៨២គីឡូម៉េត្រ។ បន្ថែមពីនេះ វានឹងក៏បានបំពាក់ជាមួយ គម្របភក់ពណ៌ខ្មៅ, ថាសកង់ទំហំ ២០អ៊ីញ, អេក្រង់បង្ហាញ Head-up Display, Remote Parking, ដំបូល Sunroof, ឧករណ៍តន្ត្រី Meridian ចំនួន ១៤គ្រាប់ រួមជាមួយជម្រើស ៣ពណ៌គឺ Steel Gray Matte, Urban Yellow និង Glacier White។
រីឯម៉ូដែល EV6 GT នឹងផ្តល់នូវជម្រើសម៉ាស៊ីនចំនួន ៣ជម្រើសគឺ ទី១ នឹងបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ ដែលមានទំហំ ១៦០គីឡូវ៉ាត់នៅផ្នែកខាងមុខ និងទំហំ ២៧០គីឡូវ៉ាត់នៅផ្នែកខាងក្រោយ ផ្គួបជាមួយកញ្ចប់អាគុយទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង ដែលផលិតកម្លាំងបានរហូតដល់ ៥៧៦សេះ នឹងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៥វិនាទី។
ជម្រើសទី ២ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ផ្គួបជាមួយកញ្ចប់អាគុយទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង ដែលអាចផលិតកម្លាំងបាន ២១៨សេះ។ ជម្រើសទីបី បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ផ្គួបជាមួយកញ្ចប់អាគុយទំហំ ៥៨គីឡូវ៉ាត់ផលិតកម្លាំងបាន ១៦៧សេះ។
សម្រាប់ចម្ងាយផ្លូវការនៃប្រភេទម៉ូដែលនីមួយៗ នឹងប្រកាសនាពេលជិតចេញលក់ផ្លូវការ ប៉ុន្តែក្រុមហ៊ុន Kia សន្យាថាសមត្ថភាពសាកថ្មកម្លាំង 800V លើដុំសាក DC នឹងជួយអោយ EV6 នឹងអាចជិះបានចម្ងាយជិត ១០០គីឡូម៉ែត្រនៅពេលសាកថ្ម ៥ នាទី និងសាកពីថាមពលថ្ម ១០ ដល់ ៨០ភាគរយ (ចម្ងាយ ៣៣៧គីឡូម៉ែត្រ) ក្នុងរយៈពេលតែ ១៨ នាទី។
បន្ថែមពីនេះ Kia EV6ក៏បានបំពាក់ជាមួយមុខងារជំនួយការបើកបរដូចជា៖ Surround-view Monitor, Parking Collision Avoidance,Rear-occupant Alert, Remote Parking, Plind-spot Monitor, Driver Attention Warning, Forward Collision Avoidance, High-beam Assist, Adaptive Cruise Control និង Slow Down for Sharp Bends ផងដែរ៕