Kia Soul EV ស៊េរីឆ្នាំ ២០២០ ដំណើរការដោយថាមពលអគ្គិសនី បានបង្ហាញខ្លួនជាផ្លូវការ ។ ទីភ្នាក់ងារ EPA ក៏បានបញ្ចេញចម្ងាយសរុប ដែលវាអាចបើកបាន ក្រោយសាកភ្លើងពេញ គឺ ២៤៣ ម៉ាយ៍ ឬ ៣៩១ គីឡូម៉ែត្រ។
Kia Soul EV ប្រើអាគុយកម្លាំង ៦៤ គីឡូវ៉ាត់ម៉ោង និង ម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ២០១ សេះ។ ជាមួយនឹងចម្ងាយ ៣៩១ គីឡូម៉ែត្រ ធ្វើឲ្យ Soul EV អាចរត់បានឆ្ងាយជាងរថយន្តអគ្គិសនីដទៃទៀតរបស់ Kia ដូចជា Niro EV ជាដើម។
Soul EV ថ្មី ទទួលបានការអាប់ដេតយ៉ាងធំមួយ ព្រោះ Soul EV ជំនាន់មុន អាចរត់បានចម្ងាយត្រឹមតែ ១១១ ម៉ាយ៍ ឬ ១៧៨ គីឡូម៉ែត្រប៉ុណ្ណោះ។
បើប្រៀបធៀបទៅនឹងគូប្រជែងវិញ រថយន្ត Kia Soul EV នៅតែអាចយកឈ្នះ Nissan Leaf E+ ដែលអាចរត់បានចម្ងាយ ២២៦ ម៉ាយ៍ ឬ ៣៦៣ គីឡូម៉ែត្រ និង Chevrolet Bolt EV ដែលអាចរត់បានចម្ងាយ ២៣៨ ម៉ាយ៍ ឬ ៣៨៣ គីឡូម៉ែត្រ៕